Social Network

ទោះបីជម្ងឺគ្រុនឈាមក្នុងខេត្តត្បូងឃ្មុំមានការថមថយចុះ មន្ត្រីជំនាញ នៅតែបន្តធ្វើយុទ្ធនាការកំចាត់ប្រភពមូសខ្លា និងបញ្ជ្រាបការយល់ដឹង បង្កើនការអប់រំ ផ្សព្វផ្សាយ

ជម្ងឺគ្រុនឈាម នៅក្នុងខេត្តត្បូងឃ្មុំនៅក្នុងសប្តាហ៍ទី២៩ ក្នុងឆ្នាំ២០១៩នេះ មានការថមថយចុះមកវិញ បន្ទាប់ពីមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន

តែងតែចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនាពេលកន្លងមក ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញនៅតែបន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង បង្កើនការអប់រំផ្សព្វផ្សាយ បន្ថែមទៀត តាមសាលារៀន និងតាមបណ្តា ភូមិស្រុកនានា ។

លោក កែ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងបែបនេះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឪកាសដឹកនាំមន្ត្រីសុខាភិបាល នៃមណ្ឌលសុខភាពត្រពាំងព្រីង ក្នុងស្រុកពញាក្រែក និងមណ្ឌលសុខភាពជប់ ក្នុងស្រុកត្បូងឃ្មុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន យុវជនសសយក រួមគ្នាបន្តចុះធ្វើយុទ្ធនការលុបបំបាត់ជម្រកមូសខ្លា ដែលជាប្រភពជំងឺគ្រុនឈាម ដោយដាក់ថ្នាំអាបែតក្នុងពាងទឹក អាងទឹក ប្រភពដក់ទឹកនានា ព្រមទាំងបាញ់ថ្នាំសំលាប់សត្វមូស និងចុះពន្យល់ណែនាំសិស្សានុសិស្សតាមសាលារៀន ព្រមទាំងប្រជាពលរដ្ឋតាមខ្នងផ្ទះ ឲ្យយល់ដឹងពីប្រភព និងផលប៉ះពាល់នៃជំងឺគ្រុនឈាម។

លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា បន្ទាប់ពីមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការលុបបំបាត់ប្រភពមូសខ្លា ជាភ្នាក់ងារ នៃជំងឺគ្រុនឈាម ពិសេសក្រោមការយកចិត្តទុកដាក់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើឱ្យអត្រាអ្នកកើតជំងឺគ្រុនឈាម បានថយចុះមកវិញ។

លោក កែវ វណ្ណៈ បានបញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែបន្តចុះធ្វើយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម អោយបានផុសផុលគ្រប់ទីប្រជុំជនទូទាំងខេត្ត។

លោក ប្រធានមន្ទីរសុខាភិបាលរូបនេះ បន្តឲ្យដឹងថា ជម្ងឺគ្រុនឈាម បានចាប់ផ្តើមកើត ពីសប្តាហ៍ទី១ ដើមឆ្នាំ២០១៩ នេះ ដោយដំបូងឡើយ កើតលើមនុស្សចំនួន៥នាក់ និងបន្តកើនឡើង សប្តាហ៍ទី៣ មនុស្សឈឺ១៣នាក់ តែចុះវិញ ។ ហើយនៅសប្តាហ៍ទី១៧បានកើនឡើង ២៦នាក់ ហើយវាកើនឡើងខ្ពស់ នៅសប្តាហ៍ទី២៦ មនុស្សឈឺជម្ងឺគ្រុនឈាម កើនឡើងរហូតដល់៣៣៦នាក់ ទូទាំងខេត្ត ។

លោកបន្តថា នៅសប្តាហ៍ទី២៩នេះ ជំងឺគ្រុនឈាម បានថយចុះ ត្រឹម២៤៦នាក់ ហើយជម្ងឺគ្រុនឈាម កើតឡើងភាគច្រើនលើកុមារ ធ្វើឲ្យយើងមានការព្រួយបារម្ភ បើទោះបីជា ចាប់តាំងពីសប្តាហ៍ទី១ រហូត ដល់សប្តាហ៍ទី២៩ អ្នកកើតជម្ងឺគ្រុនឈាមច្រើនក៍ដោយ តែពួកគាត់យើងបានព្យាបាលបានជាសះស្បើយ មិនមានអ្នកស្លាប់បាត់បង់ជីវិត ដោយសារជម្ងឺនេះនោះទេ ។

លោកបន្តថា ជាមួយអត្រាខ្ពស់ធៀបឆ្នាំមុនៗ ការកើតជម្ងឺគ្រុនឈាមនេះ មន្ទីរសុខាភិបាល និងអាជ្ញារ បានចុះអប់រំផ្សព្វផ្សាយ ដល់សិស្សសាលា ប្រជាពលរដ្ឋទូទៅ ឲ្យយល់ដឹង ពីវិធីការពារកុំឲ្យមូសខ្លាញីខាំ ព្រោះថា ជម្ងឺគ្រុនឈាម វាកើតឡើងពីមូសខ្លាញីខាំ ហើយថ្ងៃនេះ បានចុះផ្សព្វផ្សាយនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ឃុំជប់ ស្រុកត្បូងឃ្មុំ និងថ្ងៃស្អែកបន្តធ្វើសារអប់រំ នៅស្រុកតំបែរ បន្ថែមទៀត ធ្វើយ៉ាងណា ឲ្យជម្ងឺគ្រុនឈាម ថយចុះទាំងស្រុង ។

ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ឱ្យជួយសហការអប់រំ ទៅដល់អ្នកធ្វើអាជីវកម្ម ដែលពាកព័ន្ធ ជុំវិញការផ្ទុកសំបកកង់រថយន្ត កង់ម៉ូតូ ដែលជាប្រភពចម្លងយ៉ាងចម្បងបំផុត ជាភ្នាក់ងារចម្លងធំ ដែលបង្កើតជម្រកមូសខ្លា ហើយបង្កើតជាបញ្ហា នៃជំងឺគ្រុនឈាម ជាពិសេសប្រជាពលរដ្ឋតាមផ្ទះទូទាំងខេត្ត ដើម្បីរួមគ្នាការពារសុខភាព បង្ការ ការឈឺនិងស្លាប់ ដោយសារជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទនិងរូបភាពលោក វ៉ាន់ វីរៈhttps://www.facebook.com/?stype=lo&jlou=AffruEedpfpV39LmHeRfQKnPbuq9s0IW8hDTNQTLiC6fZ4Ck8qapvzphu3q6sni-bX-iDK4Qb9yOh0OEgw0QBSB6jMJDTDymFRXVqq40tYjM4A&smuh=28416&lh=Ac_3dmTL7xQ7fqGk