Social Network

សន្និបាត សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អាណត្តិទី២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការសាខាខេត្ត

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីសន្និបាតសាខា អាណត្តិទី២ (២០១៩-២០២៥) ក្រោមអធិបតីភាពលោកជំទាវ ពុំ

ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងពិធីនេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា, ឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការអាណត្តិទី១ និងជាប្រធានដឹកនាំអង្គសន្និបាត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធានគណៈកម្មាធិការសាខា អាណត្តិទី២នេះ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានគណៈកិត្តិយស លោក លោកស្រីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ,មន្ត្រីក្រុមប្រតិបត្តិសាខា, អ្នកស្មគ្រ័ចិត្ត ,យុវជនកាកបាទក្រហម សមាជិក-សមាជិកា ព្រមទាំង អ្នកសង្កេតការណ៍ សរុប ប្រមាណ ២៣០ នាក់បានចូលរួម ។

ក្នុងអង្គសន្និបាតអាណត្តិទី២នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ឋុជា បានសម្រេចទទួលស្គាល់គណ:កិត្តិយសសាខាចំនួន ២៤រូប ដែលក្នុងនោះមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធានកិត្តិយសសាខា និងឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកឧកញ៉ា ២២រូបទៀតជាអនុប្រធានកិត្តិយសផងដែរ ។

អង្គសន្និបាត បានប្រព្រឹត្តទៅ តាមរបៀបវារ:សំខាន់រួមមាន៖ *ទី១៖ ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ រយ:ពេល១អាណត្តិទី និងទឹសដៅការងារសំរាប់អាណត្តិបន្ត (២០១៩-២០២៥) *ទី២៖ បោះឆ្នោតជ្រើសរើសគណ:កម្មាធិការសាខាថ្មីដែលមានសមាជិកពេញសិទ្ធទិ ១៣ រូប និងបម្រុង ២រូប ដែលមានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធានគណៈកម្មាធិការសាខា ,ឯកឧត្តម ហាក់ សុខមករា ជាអនុប្រធានអចិន្ត្រៃយ៍ , លោក ម៉ៅ ឌុង ជាលេខាធិការ និងលោក សុខ ភក្តី ជា ហិរញ្ញិក ជំនួសគណ:កម្មាធិការអាណត្តិមុន ដែលបានបញ្ចប់អាណត្តិរបស់ខ្លួន ។

*៣៖ ប្រកាសតែងតាំង ប្រធាន និងអនុប្រធានកិត្តិយសសាខា មានសមាសភាពចំនួន ២៤ រូប ។ បន្ទាប់ពីគណ:កម្មាធិការថ្មី បានជាប់ឆ្នោតរួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា បានឡើងធ្វើការចាប់អារម្មណ៍ និងប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។

លើសពីនេះ អនុវត្តនូវវិស័យស្នូលទាំង៤រួមមាន ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាព សហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ននិងធនធាន ។

ព្រមទាំងយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឲ្យបានជោគជ័យ, រក្សាសាមគ្គីភាពក្នុងជួរ គណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មាតីទទួលខុសត្រូវខ្ពស់ និងដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឲ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។ ថ្លែងនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំអនុសាសន៍សំខាន់ៗរបស់ សម្តេចប្រធាន ផ្ញើជូនគណៈកម្មាធិការសាខា ឲ្យលើកកម្ពស់ស្មារតី ទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្តាល យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្ររបស់សមាគមជាតិ បន្តអភិបាលដឹកនាំ តម្រង់ទិសដល់ក្រុមប្រតិបត្តិ ដល់គ្រប់អនុសាខា ឲ្យខិតខំប្រឹងប្រែងធ្វើការជាក្រុម អនុវត្តដោយឯកភាព និងជួយគ្នាទៅវិញទៅមក។

ជាពិសេសបន្តធ្វើការកសាង និងបង្កើនសមត្ថភាពក្រុមប្រតិបត្តិ គោរពតួនាទី ភារកិច្ច បែងចែកការទទួលខុសត្រូវរបស់ គណៈកម្មាធិការ សាខា-អនុសាខា ឲ្យបានច្បាស់លាស់ពង្រឹងការអភិវឌ្ឍឱ្យឈានឡើង ធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ហើយសក្តិសមជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងដែនដី នៃខេត្តត្បូងឃ្មុំនេះ៕