Social Network

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ពលរដ្ឋងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ យកនូវទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្ដគិរីមានជ័យ នៅស្រុកតំបែរ ខេត្ដត្បូងឃ្មុំ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមានអ្នកផ្ទុកជំងឺអេដស៍ ចាស់ជរា ស្ដ្រីមេម៉ាយ កុមារកំព្រា និងជនពិការ សរុប១,៧៧១គ្រួសារ ដែលមកពី៣០ឃុំ ៥ស្រុក គឺស្រុកក្រូចឆ្មារ ត្បូងឃ្មុំ តំបែរ ញញាក្រែក និងមេមត់ ក្នុងខេត្តត្បូងឃ្មុំ។

ការចុះសំណេះសំណាលសួរសុខទុក្ខ របស់ប្រជាពលរដ្ឋនេះ បានប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ភូមិចារថ្មី ឃុំចុងជាយ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ដោយមានការចូលរួមពីប្រតិភូអមដំណើរដោយ ថ្នាក់ដឹកនាំជាន់ខ្ពស់កាកបាទក្រហមកម្ពុជា ក្រសួង ស្ថានប័ននានា និងប្រតិភូថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ។

ក្នុងរបាយការសង្ខេបរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានរំលេចនូវការខិតខំប្រឹងប្រែង លើវ័យមនុស្សធម៍ របស់សាខាកាកបាទក្រហមខេត្ត ដោយបានចុះសំណេះសំណាល និងនាំយកអំណោយ ទៅចែកជូនបងប្អូនដែលជួបនូវគ្រោះធម្មជាតិផ្សេង ក៍ដូចជាជនងាយរងគ្រោះ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនប្រកាន់សាសនា រឺនិន្នាការនយោអ្វីនោះឡើយ គឺមិនអោយនរណាម្នាក់រស់នៅកំព្រា រងារម្នាក់ឯង រឺស្លាប់ដោយសារអត់អាហារនោះឡើយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលកម្រិតជីវភាព និងសម្រាលទុក្ខលំបាករបស់ពលរដ្ឋ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានមានប្រសាសន៍សួរសុខទុក្ខ ប្រកបដោយសេចក្ដីនឹករលឹក ជាមួយស្នាមញញឹមនៃក្ដីអាណិតស្រលាញ់ ដល់ប្រជាពលរដ្ឋ។

ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានធ្វើការពាំនាំព្រះរាជបន្ទូលសូរសុខទុក្ខពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។

ព្រមជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនូវការសួរសុខទុក្ខ ដល់បងប្អូនរួមជាតិពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សូមជម្រាបថា ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ បានផ្ដល់អំណោយដល់ពលរដ្ឋងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារនេះ ដោយគ្រួសារនិមួយៗទទួលបានអង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ និងអាវ), អាហារ និងទឹកសុទ្ធ១ដប។

ជាពិសេស ក៏មានការផ្ដល់នូវរទេះ ជូនដល់ប្រជាពលរដ្ឋ ដែលមានពិការភាពផងដែរ។ លើសពីនោះ ប្រជាពលរដ្ឋ ក៏ទទួលបានក្រណាត់ស១ដុំ និងថវិកាចំនួន១ម៉ឺនរៀលទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

គួររម្លឹកផងដែរថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ការអញ្ជើញចុះមកសួរសុខទុក្ខ ស្វែងយល់ពីផលលំបាករបស់ប្រជាពលរដ្ឋដោយផ្ទាល់ នៅខេត្ដត្បូងឃ្មុំនេះ មិនមែនជាលើកទីមួយនោះឡើយ គឺច្រើនលើកច្រើនសារមកហើយ ក្រៅពីចាត់មន្ដ្រីជាសហការីចុះមក ដោយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចុះមកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋនៅស្រុកតំបែរ ចំនួន១,៤៥០គ្រួសារ, នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅស្រុកពញាក្រែក ចំនួន ១,២០០គ្រួសារ និងក្នុងពេលទឹកជំនន់ ឆ្នាំ២០១៨ អ្នកម្ដាយមនុស្សធម៌ បានចុះចែកអំណោយចំនួន២លើកផងដែរ គឺនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅទន្លេបិទ ស្រុកត្បូងឃ្មុំ ចំនួន ១,៤៤២គ្រួសារ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំការគរ ស្រុកក្រូចឆ្មារ ចំនួន ២,៦៧១គ្រួសារ ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា និងប្រតិភូអមដំណើរ បានបន្តអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុរួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តគិរីមានជ័យ ហៅវត្ដពន្លាក ស្ថិតនៅភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។

ដោយឡែក ព្រះសង្ឃ១៤អង្គ ក្នុង១អង្គៗ ទទួលបានស្លាដក់១ និងបច្ច័យ១០ម៉ឺនរៀល និងព្រះចៅអធិការ វត្តថវិកា១លានរៀល ចំណែកយាយជីតាជីចំនួន៣១នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាបន្ថែម ចំនួន៥លានរៀលទៀត ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះគណៈប្រតិភូអមដំណើរ ក៏បានចូលរួមប្រគេនបច្ច័យចំនួន២ពាន់ដុល្លារ និង១១លានរៀលផងដែរ៕