Social Network

រដ្ឋន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្តត្បូងឃ្មុំ ចុះសំណេះសំណាល និងចែកអំណោយដល់ពលរដ្ឋ១០៧០គ្រួសារ មកស្នាក់នៅលើទីទួលសុវត្ថិភាព ក្រោយទឹកជំនន់ជន់លិចផ្លូវ និងផ្ទះសម្បែង

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរ

សុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១០៧០នាក់ ដែលមកស្នាក់នៅទីទួលសុវត្ថិភាពនៅឃុំទន្លេបិទ និងឃុំជីរោទី១ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយទឹកជន់លិចផ្លូវ និងផ្ទះសម្បែងរបស់ពួកគាត់។

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងនូវក្តីអាណិតអាសូរដល់ពលរដ្ឋរងគ្រោះទាំងអស់ ដោយទឹកជំនន់ ជន់លិចផ្ទះសម្បែង និងដំណាំ ក៍ដូចជាលិចផ្លូវកាត់ផ្តាច់ការធ្វើដំណើររបស់ពួកគាត់។

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ ត្រូវមើលថែរក្សាសមាជិកគ្រួសារ ពិសេសកូនតូចៗ និងមនុស្សចាស់, ត្រូវពិសារទឹកឆ្អិនជានិច្ច និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស បង្កការគ្រោះថ្នាក់ដល់បងប្អូន។

ហើយបើមានបញ្ហាអ្វី សូមរាយការណ៍ទៅអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដែលមានប្រចាំការពេញ២៤ម៉ោង ដើម្បីជួយដល់បងប្អូនភ្លាមៗ។

ឯកឧត្តមរដ្ឋមន្ត្រី ក៍បានប្រគល់ជូនថ្នាំពេទ្យដល់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដើម្បីព្យាបាលដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាផងដែរ។

បើតាមលោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ស្រុកត្បូងឃ្មុំមានឃុំចំនួន១៤ ស្មើនឹង២១១ភូមិ ។

ក្នុងនោះឃុំចំនួន៧ និងភូមិចំនួន៣២ បានទទួលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ដោយប្រជាពលរដ្ឋជន្លៀសខ្លួន និងនាំយកសត្វពាហនៈមករស់នៅលើទីទួលសុវត្ថិភាព។

ដោយគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋភាសខ្លួនមកស្នាក់នៅបណ្ដោះអាសន្នលើទីទួលសុវត្ថិភាពនានាក្នុងស្រុកត្បូងឃ្មុំ មានចំនួន១៣៨៣គ្រួសារ មនុស្សសរុបចំនួន ៣៩២៨នាក់ សត្វពាហនៈ មានគោចំនួន១៥៨១ក្បាល ក្របី១៧៧ក្បាល សេះ១៤ក្បាល ពពែ ១១៩៤ក្បាល។

ចំណែកស្រុក២ទៀត ដែលរងគ្រោះដែរនោះ ទឹកជំនន់លិចចូលក្នុងផ្ទះប្រជាពលរដ្ឋ ចំនួន ២០ខ្នងផ្ទះ នៅឃុំមៀន ស្រុកអូររាំងឪ និងប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន១,៥០០គ្រួសារ ក្នុងឃុំទ្រា ឃុំព្រែកអាជី និងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ៕