Social Network

មន្ត្រីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះចាក់វ៉ាក់សាំងការពារជំងឺឆ្លងដល់សត្វ ក្នុងគ្រាដែលទឹកជំនន់ជន់លិចភូមិដ្ឋានប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញ បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះចាក់វ៉ាក់សាំង ការពារជំងឺអុតក្តាម និងជំងឺសារទឹក ដល់សត្វគោ ក្របី របស់គ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ទឹកជំនន់ទន្លេមេគង្គ នៅទួលសុវត្ថិភាពឧកញ៉ា ឌី ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលមានសត្វគោ ក្របី ជម្លៀសមកកាន់ទីនេះ ប្រមាណ ៦០ក្បាល ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ថា៖ ទឹកជំនន់ទន្លេ មេគង្គឆ្នាំ២០ ១៩នេះ បានហក់ឡើងយ៉ាង គំហុកខ្ពស់ជាង កម្រិតប្រកាសអាសន្ន ជំរុញឲ្យ គ្រួសារប្រជាពលរដ្ឋ ដែលមានលំ នៅដ្ឋានត្រូវទឹកលិច បង្ខំចិត្តជម្លៀស មកកាន់ទីទួលសុវត្ថិភាព រួមទាំងសត្វ ពាហនៈផងដែរ ។

មកដល់ថ្ងៃនេះ សត្វពាហនៈ ជម្លៀសមានប្រមាណ ២៣៥២ក្បាល មកកាន់ ទីទួលសុវត្ថិភាព ២០កន្លែង ក្នុងស្រុកក្រូចឆ្មារ ត្បូងឃ្មុំ និងស្រុកអូររាំងឪ ។ ថ្ងៃនេះ មន្ត្រីបសុព្យបាល សហការជាមួយ អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាព សត្វភូមិ ចាប់ផ្តើមចុះបាញ់ ថ្នាំធ្វើជីវសុវត្ថិភាព និងចាក់វ៉ាក់សាំង ការពារជំងឺឆ្លងសត្វ ២មុខព្រួញ គឺក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលត្រូវធ្វើ នៅគ្រប់ទីទួលសុវត្ថិភាព ទាំងអស់។

លោក ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ទៀតថា ៖ ដើម្បីថែរក្សា ការពារសុខភាពសត្វ ដែលជាប្រភព ចំណូលក្នុងគ្រួសារ ក៏ដូចជាសុខភាព មនុស្សបានល្អ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ សំណូមពរដល់ប្រជាពលរដ្ឋ ដែលមានសត្វ ចូលរួមអនុវត្តតាម វិធានការដូចខាងក្រោម ៖

១-ត្រូវផ្ដល់ចំណី និងទឹកស្អាតដល់សត្វ ឲ្យបានគ្រប់គ្រាន់ 

២-ត្រូវរៀបចំទីកន្លែង សម្រាប់មនុស្សនិងសត្វ រស់នៅដាច់ពីគ្នា និងប្រកបដោយ អនាម័យល្អ

៣-ត្រូវរកសំបក រុក្ខជាតិដូចជា សំបកស្ដៅ ឬ វល្លិ៍ពេជ្រ ឬ សំបកកណ្ដោល យកមកត្រាំទឹក ហើយ បញ្ច្រកឱ្យ សត្វផឹកជាប្រចាំ ដើម្បីទប់ស្កាត់ ជំងឺរាគរូស 

៤-នៅពេលទឹកស្រកទៅវិញ កុំឲ្យសត្វស៊ីស្មៅ ដែលលិចទឹក ឬ ស្មៅដែលទើប នឹងដុះថ្មីឲ្យសោះ ព្រោះវាអាចស៊ី ដោយពពួកវីរុស បាក់តេរី និងពពួកប៉ារ៉ាស៊ីត ដែលហូរមកតាមទឹក បណ្ដាលឲ្យ សត្វងាយរងជំងឺ 

សូមជម្រាបថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្តមចុះបាញ់ថ្នាំ សម្លាប់មេរោគនិង ចាក់វ៉ាក់សាំង ការពារជំងឺសត្វគោ ក្របី នៅតាមទីទួល សុវត្ថិភាព ដោយមិនគិតថ្លៃ សេវាអ្វីទាំងអស់ ។

ហេតុនេះ សូមអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួល និងជំរុញឲ្យ បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោ ក្របីនៅតាម ទីទួលសុវត្ថិភាព សហការជាមួយ មន្ត្រីជំនាញ និងនាំសត្វមកទទួល សេវាចាក់ថ្នាំបង្កានេះ កុំបីខាន ៕