Social Network

អំណោយដ៍ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តចែកជូនប្រជាពលរដ្ឋ២៥៣៩គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ តាមគម្រោងឆ្នាំ២០២០ ខេត្តត្បូងឃ្មុំ នឹងមានទីទួលសុវត្ថិភាព លើផ្ទៃដីទំហំ១០ហិកតា

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម

ខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ: សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋចំនួន២៥៣៩គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកត្បួងឃ្មុំ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។

នាឱកាស ចុះសំណេះសំណាល ចែកអំណោយជូនពលរដ្ឋនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៍ដូចជាថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័ន មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីកាកបាទក្រហមខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដោយក្តីនឹកលឹក និងយកចិត្តទុកដាក់បំផុត ពីសុខទុក្ខបងប្អូន។

ឯកឧត្តម ប្រធានកិត្តិយសសាខាកាកបាទខេត្ត បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនពិសេសមើលថែកូនតូចៗនឹងចាស់ជរា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ដែលមិនមានបានជួយអ្វីដល់ប្រជាពលរដ្ឋ ថែមទាំងបង្កឲ្យមានភាពចលាចល ចង់ឲ្យខ្មែរបែកបាក់ នឹងបង្កើតឲ្យមានភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីម្ដងទៀត។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ដោយសារគ្រោះមហន្តរាយធម្មជាតិ តែងតែបង្កផលប៉ះពាល់ដល់ពលរដ្ឋក្នុងខេត្ត ជាបន្តបន្ទាប់នោះ តាមគម្រោងឆ្នាំ២០២០ខាងមុខនេះ នៅខេត្តត្បូងឃ្មុំ នឹងរៀបចំឲ្យមានដីទីទួលសុវត្ថិភាពមួយកន្លែង មានទំហំរហូតដល់១០ហិកតា ដើម្បីជាទីស្នាក់អាស្រ័យបណ្តោះអាសន្ន ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

បើតាមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឲ្យដឹងថា ស្ថានភាពនៃទឹកជំនន់ បានបណ្តាលឲ្យប្រជាពលរដ្ឋ ទទួលរងនូវការលិចលង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដំណាំ ផ្សេងៗចំនួន ០៤ស្រុក មានស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុកអូររាំងឳ ស្មើនឹង ១៨ឃុំ ៨៦ភូមិ បានជម្លៀសប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព សរុបចំនួន ៣,២៥៨គ្រួសារ ស្មើនឹង ១០,២៩១នាក់។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឲ្យដឹងទៀតថា ក្នុងរយៈពេល ០២សប្តាហ៍នៃខែកញ្ញានេះ សាខាកាកបាកក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៏ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ និងស្នាក់នៅទីទួលសុវត្ថិភាពបានចំនួន ០៦លើក ស្មើនឹង២,១១៣គ្រួសារ រួមមាន ស្រុកអូររាំងឪ ០១លើក ស្មើនឹង ៣៤គ្រួសារស្រុកតំបែរ ០១លើក ស្មើនឹង ២៥គ្រួសារ ស្រុកក្រូចឆ្មារ ០១លើក ស្មើនឹង ៣០០គ្រួសារ និង ស្រុកត្បូងឃ្មុំ ០៣លើក ស្មើនឹង ១,៧៥៤គ្រួសារ។

ឯកឧត្តមបណ្ឌិត បន្តឲ្យដឹងដែរថា ដោយឡែកនាថ្ងៃនេះ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បន្តជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន២,៥៣៩គ្រួសារ ក្នុងឃុំចំនួន ០៤ រួមមាន ឃុំជីរោទិ៍ទី១ ឃុំទន្លេបិទ ឃុំបឹងព្រួល និងឃុំពាមជីលាំង នៃស្រុកត្បូងឃ្មុំ ដែលរងគ្រោះទឹកជំនន់ និងកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ សរុបទូទាំងខេត្ត ប្រជាពលរដ្ឋទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត ប្រមាណជិត៤៧០០គ្រួសារហើយ៕