Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងគុណភាពលើ សេវាឯកជន សម្រាប់អ្នកប្រកបសេវាសុខាភិបាលឯកជន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ

  • Print

នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងគុណភាពលើសេវាឯកជន សម្រាប់

អ្នកប្រកបសេវាសុខាភិបាលឯកជន ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការចូលរួមពី អនុប្រធានមន្ទីរ ប្រធានការិយាល័យជុំវិញមន្ទីរ ប្រធាន អនុប្រធានសុខាភិបាលស្រុកប្រតិបត្តិទាំង៧ និងសមាជិកចូលរួមប្រមាណជាង ៣០០នាក់។

ថ្លែងនាឳកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានលើកឡើងថា គ្រូពេទ្យទាំងអស់ ធ្លាប់ដឹង ធ្លាប់ជួប និងធ្លាប់បានឃើញហើយថា នៅតាមមណ្ឌលសុខភាព ឬនៅគ្លីនិកឯកជនដែលខ្វះវិជ្ជាជីវៈ បង្កឲ្យមានគ្រោះថ្នាក់ ដូចនេះគ្រូពេទ្យត្រូវសិក្សារៀនសូត្របន្ថែម ដើម្បីទៅបំរើសេវាសុខាភិបាល ជួយប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពត្រូវគិតពីការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋជាធំ កុំមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួនជាងសុខទុក្ខ ប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា «កាតព្វកិច្ចនេះ មន្ទីរមានផែនការ តាមដានជាប្រចាំនៅតាមមណ្ឌលសុខភាព និងតម្រូវឲ្យមានរបាយការណ៍ស្តីពីសកម្មភាព ការងារប្រចាំសប្តាហ៍ និងប្រចាំខែ ដើម្បីបង្កើនការទទួលខុសត្រូវ និងតាមដានជម្ងឺឆ្លង។

ចំណែកគ្លីនិកឯកជន ក៏តម្រូវឲ្យមានច្បាប់ និងមានវិជ្ជាជីវៈជាគ្រូពេទ្យត្រឹមត្រូវផងដែរ។

លោកវេជ្ជៈបណ្ឌិត បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមគណៈកម្មការគ្រូពេទ្យខេត្ត បានចុះទៅពិនិត្យនៅតាមមណ្ឌលសុខភាព និងសេវាឯកជននានា ដើម្បីពង្រឹងសេវាសុខាភិបាល ទាំងសមត្ថភាពទាំងផ្នែកច្បាប់ឲ្យមានសេវាថែទាំ ឬបន្ទប់ព្យាបាលត្រឹមត្រូវ និងតម្រូវឲ្យមានការចុះបញ្ជីការបានគ្រប់ៗគ្នា។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានឲ្យដឹងថា ៖ ចំនួនសេវាឯកជនមានច្បាប់សរុបចំនួន ៨៣៦កន្លែង ហើយរយៈពេលកន្លងមក មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានធ្វើការប្តឹងទៅទៅតុលាការបានចំនួន១៤៨នាក់ ចំពោះអ្នកប្រកបសេវាឯកជនខុសច្បាប់ ហើយបច្ចុប្បន្នតុលាការកំពុងអនុវត្តតាមនិតិវិធីច្បាប់។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល បានថ្លែងថា វិស័យសុខាភិបាលខេត្ដត្បូងឃ្មុំ កំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ ជាសំខាន់រួមមាន ការគាំពារសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពដទៃទៀត ព្រមទាំការពង្រឹងប្រព័ន្ធសុខាភិបាល ដោយផ្ដោតសំខាន់លើការផ្ដល់សេវាសុខាភិបាល ហិរញ្ញប្បទានសុខាភិបាលការអភិវឌ្ឍ ធនធានមនុស្ស ប្រព័ន្ធព័ត៌មានសុខាភិបាល និងអភិបាលកិច្ចប្រព័ន្ធសុខាភិបាល ដែលវឌ្ឍនភាពទាំងនេះ ស្របទៅតាមផែនការយុទ្ធសាស្ដ្រសុខាភិបាល ២០១៦-២០២០ ពិសេសគឺយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល បានចាត់ទុកការលើកស្ទួយស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាអាទិភាពខ្ពស់។

លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន បន្តថា ទន្ទឹមនឹងលទ្ធផល ដែលយើងទទួលបាន ក៏នៅមានបញ្ហាលំបាកជាច្រើនដែលនឹងបន្ដធ្វើការជម្រុញអោយសេវាឯកជនគោរពច្បាប់ និងពង្រឹងនូវគុណភាពសេវាអោយបានល្អ សូមមន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំធ្វើការទំនាក់ទំនង និងសម្របសម្រួល ជាមួយដៃគូអភិវឌ្ឍ ជាពិសេសអាជ្ញាធរ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន និងវិស័យពាក់ព័ន្ធនានា ។

លើសពីនោះបន្តពង្រឹងប្រពន្ធ័សុខាភិបាល ក៏ដូចជា ការគ្រប់គ្រងសេវាឯកជន និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងតាមគ្លីនិកឯកជន ទូទាំងខេត្តត្បូងឃ្មុំឱ្យស្របតាមក្រមសុខាភិបាល។

លោកបានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំក្រសុខាភិបាល មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ រួមគ្នាអនុវត្តឱ្យបាននូវទិសដៅ ការងារ ដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញ នាពេលកន្លងទៅនេះ ដោយបន្តលើកកម្ពស់ ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០ ទិសដៅការងារឆ្នាំ២០១៩ និងឆ្នាំបន្ត ក្នុងវិស័យសុខាភិបាល ដោយធ្វើការពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល លើកកម្ពស់ភាពជាដៃគូជាងផ្នែកសាធារណៈ និងឯកជន និងបង្កើនគណនេយ្យភាពលើសុខភាពនៅមូលដ្ឋាន។