Social Network

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណតិ្តទី៣ ដើម្បីដោះស្រាយនូវរាល់កង្វល់ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់អាណតិ្តទី៣ ឆ្នាំ២០១៩ ដើម្បីដោះស្រាយនូវរាល់

កង្វល់ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

វេទិការនេះ រៀបចំឡើងនៅក្នុងបរិវេណវត្តបុស្សតាអឹម ស្ថិតនៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក មន្ត្រីពាក់ព័ន្ឋ និងតំណាងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ។

ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ឲ្យដឹងថា ៖ វេទិកានេះធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតម្រូវការចាំបាច់បន្ថែមទៀត ដើម្បីអោយមន្ទីរ/អង្គភាពក៍ដូចជាមន្ត្រីជំនាញធ្វើការដោះស្រាយជូន។

ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរចំនួន១៥ ដើម្បីឱ្យក្រុមការងារធ្វើការឆ្លើយនឹងសំណួរ នងិសំណូមព ហើយធ្វើការដោះស្រាយនូវបញ្ហាដែលពួកគាត់បានជួបប្រទះ មានដូចជា ៖ បញ្ហាសេវាសុខភិបាល ទីសត្តឃាតសត្វ ជនខិលខូចទារលុយឡានតាមដងផ្លូវ និងសំណូមពរផ្លូវកៅស៊ូ អគ្គីសនី ស្ដារទំនប់ អណ្ដូងទឹក សាងសង់វិទ្យាល័យ និងសាលាបុណ្យផងដែរ ។

ឆ្លើយតបទៅនឹងសំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់ទិននឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានក្រុមការងានៅតាមមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបានធ្វើការឆ្លើយបំភ្លឺ។ ក្នុងឱកាសនោះ ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម បន្តថា រាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនាពេលនេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺមួយចំនួនរួច ហើយចំពោះបញ្ហានៅសល់មួយចំនួន ឯកឧត្តមនឹងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត ។

ឯកឧត្តម ឡុង ធាម និងឯកឧត្តម ចេង ប៉ុណ្ណារ៉ា បានស្នើរឱ្យមន្ត្រីទំាងអស់ ត្រូវយកចិត្តទុកលើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តន៍ទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត កាដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការចូលរួមពិភាក្សា លើកឡើងជាសំណួរ និងការដោះស្រាយចម្ងល់របស់ផ្នែកពាក់ព័ន្ធនានា ក្នុងន័យបម្រើតម្រូវការ និង លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ៕