Social Network

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ប្រគល់Tabletsចំនួន៦៤គ្រឿង ជូនឃុំ/សង្កាត់ទូទាំងខេត្ត សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ

នាព្រឹកថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តត្បូងឃ្មុំ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរផែនការខេត្ត

ប្រគល់Tabletsចំនួន៦៤គ្រឿង ជូនឃុំ/សង្កាត់ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ មានការចូលរួមពី ប្រធានមន្ទីរ.អង្គភាពជុំវិញខេត្ត មេឃុំ.ចៅសង្កាត់ មន្រ្តីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំង៦៤ ឃុំ.សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន២៧១នាក់ ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន លំអង ប្រធានមន្ទីរ បានបញ្ជាក់ថា ៖ ដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវ មានសង្គតិភាព មានប្រសិទ្ធភាព និងប្រើប្រាស់បានយូ ឃុំសង្កាត់នីមួយៗ ដែលទទួលបាន Tablets ១គ្រឿង ក្នុង១ឃុំ/សង្កាត់ សរុប៦៤គ្រឿង សម្រាប់ប្រើប្រាស់អនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និងការកំណត់អន្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងថែរក្សាឲ្យបានល្អប្រសើរ ។

ចំពោះការប្រើប្រាស់ Tabletsនេះ គឺជាការយកទៅប្រើប្រាស់បណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះស្ថិតនៅក្នុងការចុះបញ្ជីសារពើភណ្ឌ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តត្បូងឃ្មុំ ។

នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងនូវការអរគុណចំពោះវត្តមានលោក លោកស្រី ពិសេសមន្ត្រីទទួលបន្ទុកកិច្ចការផ្តល់សេវាជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ ស្របតាមគោលនយោបាយគាំពារសង្គម (២០១៦-២០២៥) របស់រាជរដ្ឋាភិបាល។

ហើយការចែកជូននូវ Tablets ទៅដល់ឃុំសង្កាត់ទាំង៦៤ នៅក្នុងខេត្តត្បូងឃ្មុំនាពេលនេះ ជាបរិបទមួយដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទៅដល់ការផ្តល់សេវាជូនដល់ក្រុមគោលដៅ នៃគ្រួសារក្រីក្រ សម្រាប់ផែនទីមគ្គុទេ្ទសក៍ រយៈពេលវែង សម្រាប់ការកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

ឯកឧត្តម អភិបាលរងខេត្ត បន្តថា ៖ តាមរយៈការដាក់ចេញនូវផែនទីយុទ្ធសាស្ត្រ ធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ព្រមទាំងលើកកម្ពស់សុខុមាលភាព សមធម៌ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ ដូចជាកម្មវិធីឧបត្ថមសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងទៀត ដែលត្រូវអនុវត្តមុនគេ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់លោក លោកស្រីដែលទទួលបានTablets ត្រូវយកចិត្តទុកដាក់ស្តាប់ក្នុងការពន្យល់ពីរបៀបប្រើប្រាស់ ពីមន្ត្រីជំនាញ ដើម្បីធ្វើការឲ្យបានទាន់ពេលវេលា ស្របតាមកម្មវិធីដែលបានគ្រោងទុក និងធ្វើការប្រើប្រាស់តាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ៕