Social Network

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តការងាររបស់រដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត ដែលបានអនុវត្តនាពេលកន្លងមក

នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាក ឡេង

ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

សូមជម្រាបថា ៖ របៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនោះ រួមមាន៖ ១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ័រីកចម្រើនប្រចាំឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣-ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្តីព្រាងរបាយការណ៏វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ ២០១៩ និង ៤- បញ្ហាផ្សេងៗ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ដើម្បីឲ្យខេត្តត្បូងឃ្មុំយើង មានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្ដម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក អោយទទួលបានលទ្ធផលល្អ។

ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយបានល្អ និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំរីកចំរើនជាបន្តបន្ទាប់។

ឯកឧត្តម ស៊ាក ឡេង ក៍បានជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ/អង្គភាពជំនាញទាំងអស់ ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនអោយបានល្អថែមទៀត នឹងត្រូវធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំអោយបានលឿន នឹងត្រឹមត្រូវច្បាស់លាស់ ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ មានប្រសាសន៍ផងដែរថា ចំពោះការចុះជួយតាមមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រភេទត្រូវពង្រឹងកិច្ចសហការការពារសន្តិសុខសណ្តាប់សាធារណៈ អោយបានល្អប្រសើ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវេលាផងដែរ៕