Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការសម្អាតអនាម័យបរិស្ថាននៅបរិវេណជុំវិញរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបំផុសអោយប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ទទួលបានបរិស្ថានស្អាតគ្រប់ទីកន្លែង និងសុខភាពល្អ

ដើម្បីទទួលបានអនាម័យបរិស្ថានស្អាត ស្របតាមប្រធានបទថ្មី«ភូមិស្អាត សុខភាពល្អ» នៅព្រឹកថ្ងៃ សុក្រ ទី ១៧ ខែ មករា ឆ្នាំ ២០២០នេះ ដោយចាប់ពីអាងទឹកតាវ៉ាន់

រហូតដល់បរិវេណតំបន់រដ្ឋបាលប្រមូលផ្តុំខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោក-លោកស្រី នាយ នាកយករង រដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរជុំវិញខេត្ត និងសិស្ស និស្សិត ចូលរួមប្រមាណជាង១០០នាក់។

នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ប្រធានមន្ទីរស្ដីទីនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ថ្លែងឲ្យដឹងថា ការធ្វើអនាម័យបរិស្ថាន បានរៀបចំឡើង នាថ្ងៃនេះ ដើម្បីជុំរុញការចូលរួមសំអាតបរិស្ថាន ក្នុងចំណោមប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានតាមរយៈលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ អំពីផលប៉ះពាល់ពីការចោលសំរាមពាសវាសពាសកាល ចំពោះ បរិស្ថាននិងសុខភាពមនុស្សទូទៅ។

ឯកឧត្តម បន្តថា ការសម្អាត និងធ្វើអោយមានអនាម័យបរិស្ថាន គឺមិនមែនមានន័យត្រឹមតែលំនៅដ្ឋាន ឬផ្ទះប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ដណ្ដប់ទូទាំងប្រទេសកម្ពុជាទាំងមូល ដែលប្រៀបដូចជា ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងដែរ។

ទោះយ៉ាងណាក្ដី បរិស្ថានប្រទេសកម្ពុជា នឹងមិនអាចស្អាតបានទេ លុះណាបរិស្ថានតាមលំនៅដ្ឋាន សាលារៀន សិប្បកម្ម អាជីវកម្ម ផ្សារ រោងចក្រ ជាពិសេសរម្យនីយដ្ឋាន កន្លែងកម្សាន្ត នានា ស្អាតជាមុនសិន។

ដូចនេះ ដើម្បីឲ្យកម្ពុជាមានបរិស្ថានស្អាត ប្រជាពលរដ្ឋខ្មែរម្នាក់ៗ រួមទាំងជនបទេសមកទស្សនាឬ ស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវមានកាត្វកិច្ចសំអាតបរិស្ថាន និងទទួលខុសត្រូវចំពោះបរិស្ថានខូចខាត ដោយសារទង្វើរបស់ខ្លួន។

ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសារធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ គ្រប់គ្រងសំណល់គ្រប់រឹង ឲ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់អាចកែច្នៃបាន សារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួន ឲ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាននានា។

ឯកឧត្តម ចេង ប៉ុណ្ណារ៉ា បានបញ្ជាក់ថា «យើងទាំងអស់ត្រូវចូលរួមថែរក្សាបរិស្ថាន និងតាមបណ្តាហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានស្អាតនៅតាមទីសាធារណៈ ហើយត្រូវយកចិត្តទុកដាក់ជានិច្ច ចំពោះបញ្ហាបរិស្ថាន និងត្រូវធ្វើការផ្សព្វផ្សាយ ឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋ។

បើខេត្តយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុង/ស្រុក ខេត្ត បានល្អ យើងអាចទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងដំណើរកំសាន្តបានច្រើន ហើយអាចធ្វើឲ្យប្រជាពលរដ្ឋអាចកាត់បន្ថយភាពក្រីក្របានមួយកម្រិតផង»។

សូមបញ្ជាក់ថា៖ ការសម្អាតបរិស្ថាននេះ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការយល់ដឹងកិច្ចគាំពារ ការទុកដាក់សំរាម និងថែរក្សាសំរាមឲ្យមានសណ្ដាប់ធ្នាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និងយកទៅអនុវត្តតាម ជាពិសេសក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ដោយបានចែកសំភារៈធុងសំរាម និងដាំដើមឈើ ដើម្បីបង្កើនអោយមានសោភ័ណ្ឌភាពល្អស្អាតគ្រប់ទីកន្លែង និងទទួលបានសុខភាពល្អ ៕