Social Network

ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត អញ្ជើញកាត់ស្រោមវិញ្ញា សារប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្ត

បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា នៅសាលាបមសិក្សា ស ខេង ខ្នារ មណ្ឌលខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត មានប្រសាសន៍ថា ៖ ដំណើរការប្រឡងនេះជាដំណាក់កាលមួយដ៏សំខាន់សម្រាប់សមណៈសិស្ស សិស្ស គ្រប់ព្រះអង្គគ្រប់រូប ដែលបានសិក្សារៀនសូត្ររយៈកន្លងមក ដើម្បីធ្វើការវាស់ស្ទង់ និងបង្ហាញពីសមត្ថភាព ចំណេះដឹង ប្រកបដោយសមត្ថភាពខ្ពស់ ដែលកើតចេញពីឆន្ទៈនិងការព្យាយាមសិក្សារៀនសូត្ររបស់ព្រះតេជគុណ ព្រះគុណម្ចាស់គ្រប់ព្រះអង្គ គ្រប់រូបអោយសមស្រប តាមពាក្យដំបូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ដែលបានបង្ហាត់បង្រៀនព្រះសង្ឃពុទ្ធបរិស័ទ អោយព្យាយាមមុះមុតដើម្បីឆ្លងផុតពីភាពអវិជ្ជមាន។

ឯកឧត្តម សង្ឃឹមនិងជឿទុកចិត្តដល់សមណៈសិស្ស សិស្សទាំងអស់ ពិតជាទទួលបានជោគជ័យ ដើម្បីបន្តការសិក្សាកំរិតថ្នាក់ខ្ពស់ៗបន្តរៀនសូត្រ អោយបានចប់មហាវិទ្យាល័យ ហើយការតស៊ូរៀនសូត្រពិតជាមានសារសំខាន់ណាស់ ជាធនធានមនុស្សប្រកបដោយចំណេះដឹងខ្ពស់ ដើម្បីចូលប្រឡូកក្នុងសង្គម ធ្វើកិច្ចការទាំងឡាយទាំងពួងបម្រើប្រទេសជាតិអោយបានប្រសើរឡើង ។

ឯកឧត្តម កេង ប៊ុនណា បានបញ្ជាក់បន្ថែមថា ប្រទេសនីមួយៗលើសកលលោកយើងនេះ បើគ្មានធនធានមនុស្សពិតប្រាកដ ប្រទេសនោះនឹងជួបនៅភាពក្រីក្រជាក់ជាពុំខាន ហើយត្រូវផ្សាផ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីអោយកិច្ចការព្រះពុទ្ធសាសនា មានសណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាព រវាងពុទ្ធសាសនិកជន ត្រូវប្រកាន់យកព្រះពុទ្ធក្រោមឱវាទ ធ្វើជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ ស្មារតី ជំរះចោលនូវគុំនំ ការច្រណែននិទ្ទា ប្រកបដោយអំពើអហិង្សា។

បើតាមការអោយដឹងពីលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានអោយដឹងថា៖ ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានាពេលនេះ មានសាលាពុទ្ធិកសិក្សាទូទាំងខេត្តត្បូងឃ្មុំ១១ មានសមណសិស្ស១០៧៤អង្គ/នាក់ ហើយពុទ្ធិកបឋមសិក្សាមានសមណសិស្សមានសិទ្ធប្រឡងសរុបចំនួន២៧៨អង្គ/នាក់។

ដោយឡែក បេក្ខសមណៈបេក្ខជន មានចំនួន២៧៨អង្គ/នាក់ ចែកចេញជា១២បន្ទប់ លេខបន្ទប់១-២ មាន ២៤ អង្គ/នាក់ ,លេខបន្ទប់ ៣-១២ មាន ២៣អង្គ/នាក់។

ក្នុងនោះ វិញ្ញាសាប្រឡងមាន៦វិញ្ញាសា រួមមាន ៖ ថ្ងៃសៅរ៍ទី១៨ ពេលព្រឹក ៖ ភាសាបាលី រយៈពេល២ម៉ោង ,ពេលល្ងាច៖ តែងសេចក្តី រយៈពេល២ម៉ោង និង ប្រវត្តិវិទ្យា-ភូមិវិទ្យា-វិទ្យាសាស្រ្តអនុវត្តន៍ រយៈពេល៤៥នាទី ថ្ងៃអាទិត្យទី ១៩ ពេលព្រឹក៖ ពុទ្ធវិន័យ ពុទ្ធប្បវត្តិ-ពុទ្ធសាសនា រយៈពេល២ម៉ោង, ពេលល្ងាច ៖ សរសេរតាមអាន រយៈពេល១ម៉ោងកន្លះ, គណិតវិទ្យា រយៈពេល២ម៉ោងផងដែរ៕