Social Network

គណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក អ៊ុល កែវ អតីតប្រធានក្រុមប្រឹក្សាស្រុកមេមត់

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត

អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតជូន ចំពោះក្រុមគ្រួសារនៃសពលោក អ៊ុល កែវ អតីតប្រធានក្រុមប្រឹក្សាស្រុកមេមត់ ដែលបានទទួលមរណៈភាព កាលពីម៉ោង ១២និង៤៧នាទីថ្ងៃត្រង់ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅស្រុកមេមត់។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការចូលរួមមរណៈទុក្ខ និងបង្ហាញពីអារម្មណ៍ សោកស្ដាយ និង ក្រៀមក្រំជាទីបំផុត ជូនចំពោះលោកស្រី យីន គឹមលាង និងក្រុមគ្រួសារសព ខណៈដែលបាត់បង់រូប លោក អ៊ុល កែវ ដែលជាធនធាន មនុស្សមួយរូប ដែលពោរពេញទៅដោយ សមត្ថភាព និង ទេពកោសល្យ។

ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ទុកការទទួលមរណៈភាពរបស់លោក អ៊ុល កែវ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ដឹងគុណដ៍ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ របស់លោកស្រីនិងកូនចៅ ហើយក៏ជាការបាត់បង់នូវធនធានដ៏សំខាន់មួយរូបរបស់ប្រទេសជាតិ ដែលជានិច្ចកាល បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានស្រុកមេមត់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់ និងផ្ទេរចំណេះដឹង ក្នុងការអប់រំកូនចៅ ព្រមទាំងមន្ត្រីក្រោម ឱវាទរបស់ខ្លួនឱ្យក្លាយជាអ្នកបន្តវេនដ៏មានតម្លៃរបស់សង្គមជាតិ។

សមិទ្ធផលនិងស្នាដៃរួមជាមួយសមត្ថភាពដ៏គួរឲ្យគោរពស្ញប់ស្ញែង របស់លោកអតីតប្រធានក្រុមប្រឹក្សាស្រុកមេមត់រូបនេះ បានប្រែក្លាយជាបទពិសោធន៍ និងចំណេះដឹងដ៏មានសារៈសំខាន់ជាទីបំផុត ដល់កូនចៅជំនាន់ក្រោយ សិក្សារៀនសូត្រគោរពប្រតិបត្តិនឹងយកទៅប្រើប្រាស់ដើម្បីបានជាឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

ថ្នាក់ដឹកនាំទាំង២រូប រួមទាំងគណៈប្រតិភូ បានលំអោនកាយ វាចារចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុល កែវ សូមបានទៅចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។