Social Network

គណៈកម្មការទី៣ នៃរដ្ឋសភា ចុះបេសសកម្មការងារនៅខេត្តត្បូងឃ្មុំ ស្វែងរកបញ្ហាប្រឈមដើម្បីដោះស្រាយឲ្យចំគោលដៅ

ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ឯកឧត្តម ជា វ៉ាន់ដេត នៅរសៀលថ្ងៃទី២៨ ខែមករា

ឆ្នាំ២០២០ បានដឹកនាំសមាជិកគណៈកម្មការ អញ្ជើញមកកាន់ខេត្តត្បូងឃ្មុំ និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនឹងវិស័យ ទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំ(គ)របស់សាលាខេត្ត។

ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនពីគោលបំណងរបស់គណៈកម្មការដែលចុះមកកាន់ខេត្តត្បូងឃ្មុំនាពេលនេះ គឺដើម្បីស្វែងយល់ពីការអនុវត្តច្បាប់នានា លើវិស័យទទួលបន្ទុករបស់គណៈកម្មការ និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាព នៃការអនុវត្តន៍ការងារ លទ្ធផលការងារ បញ្ហាប្រឈម ជាពិសេសលើការងារកសិកម្ម ការងារបរិស្ថាន និងការងារធនធានទឹករបស់ខេត្ត។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ទីរពាក់ព័ន្ធ បានរាយការណ៏ជូនគណៈកម្មការរដ្ឋសភា អំពីលទ្ធផលការងារសំខាន់ៗដែលសម្រេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈមដែលបានជួបប្រទះ ជូនគណៈកម្មការដ្ឋសភាបានជ្រាប។

នៅក្នុងជំនួបពិភាក្សាការងារ ដែលមានលក្ខណៈបែបចំហរ ដើម្បីជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរឡើងនេះ ខេត្ត និងមន្ទីរក៏បានលើកឡើងពីផលលំបាកមួយចំនួន មានដូចជា ប្រព័ន្ធធារាសាស្ត្រជាច្រើន កន្លែងបានរងការខូចខាត ចាំបាច់ត្រូវមានការជួសជុល និងស្តារឡើងវិញជាបន្ទាន់ ដើម្បីបង្កើនការស្តុកទឹកទុកឱ្យបានច្រើន សម្រាប់ធានាការផ្គត់ផ្គងបំពេញនូវតម្រូវការ ទឹកបង្កបង្កើនផលស្រូវបានគ្រប់គ្រាន់ តែធនធានថវិកាសម្រាប់ចំណាយលើការអភិវឌ្ឍន៍នៅមានកម្រិតតិចតួច មិនឆ្លើយតបទីនឹងតម្រូវការជាក់ស្តែងនៅក្នុងកិច្ចដំណើរអនុវត្តគម្រោងនូវឡើយ។

មន្ទីរពាក់ព័ន្ធមានការខ្វះមន្ត្រីបម្រើការងារ ខ្វះថវិកា ខ្វះសម្ភារបរិក្ខាសម្រាប់ប្រើប្រាស់ ហើយកម្រិតយល់ដឹង និងបទពិសោធន៍បច្ចេកទេសនៅមានកម្រិត ហើយនៅមានជនខិលខូចបង្កបទល្មើស ព្រៃឈើ សត្វព្រៃ ជលផល ជាពិសេសពេលយប់និងតំបន់ឆ្ងាយៗ។

រដ្ឋបាលខេត្តក៏បានលើកពីសំណូមពរ ជូនគណៈកម្មការជំនាញរដ្ឋសភាជួយធ្វើអន្តរាគមន៍ ដើម្បីរកដំណោះស្រាយនូវរាល់បញ្ហា ដែលបានជម្រាបជូនដូចខាងលើ។ ឯកឧត្តម ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងមន្ទីរពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត។

ចំណែកបញ្ហាប្រឈមដែលខេត្ត និងមន្ទីរបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការបាន បញ្ជាក់ថា ឯកឧត្តមនឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ។

ជាមួយនេះដែរ គណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានសំណូមពរដោយផ្ទាល់ដល់ក្រសួងពាក់ព័ន្ធនិងវិស័យរបស់គណៈកម្មការទី៣ ដែលអមដំណើរចុះមកកាន់ខេត្តត្បូងឃ្មុំនាពេលនេះ ជួយដោះស្រាយការលំបាក និងបញ្ហាប្រឈមមួយចំនួនដើម្បីឲ្យបណ្តាមន្ទីរមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន៕