Social Network

ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះដោះស្រាយបញ្ហាប្រឈម និងផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្តទៀត

ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមករា

ឆ្នាំ២០២០នេះបានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ នាយកសាលា និងប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ នៅក្នុងឃុំ/សង្កាត់ចំនួន៣ រួមមានឃុំដំរិល ឃុំចក ស្រុកអូរាំងឪ និងសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

ក្នុងឱកាសចុះសំណេះសំណាលនោះ បានដោះស្រាយនូវបញ្ហា ព្រមទាំងសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួន ដូចជា៖ ផ្លូវ សាលារៀន របងមន្ទីរពេទ្យ ដីធ្លី បង្គន់អនាម័យ ទីចាត់ការ ដែលជាតម្រូវការចាំបាច់សម្រាប់មូលដ្ឋានខាងលើ។

ថ្លែងទៅកាន់ពលរដ្ឋ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានពាំនាំការសាកសួរសុខទុក្ខនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលផងដែរ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ដែលបានបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានបោះឆ្នោត ធានាថែរក្សាសុខសន្តិភាព ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ដើម្បីទប់ស្កាត់ការរាល់ការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៌ពីជនអគតិមួយចំនួន។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិមានសុខសន្តិភាព ដោយរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%។

ម្យ៉ាងទៀត យើងបានចេញដំណើរពីបាតដៃទទេរ អត់ឃ្លាន ក្រីក្រ ហើយបានខិតខំប្រឹងប្រែងដោយលំបាក ឆ្លងកាត់ឧបសគ្គគ្រប់ជំពូក សង្គ្រាមផ្ទៃក្នុង រ៉ាំរ៉ៃ ដែលរហូតមកដល់ពេលនេះ យើងទទួលបានសុខសន្តិភាពពេញលេញ និងសម្រេចការអភិវឌ្ឍប្រទេស រុញកំណើនសេដ្ឋកិច្ចជាតិ ដល់កម្រិតចំណូលប្រជាពលរដ្ឋមាន ចំណូលមធ្យមកម្រិតទាបហើយឆ្នាំ២០៣០ យើងត្រូវសម្រេចគោលដៅចំណូលមធ្យមកម្រិតខ្ពស់។

ឯកឧត្តម តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានកោតសរសើរនិងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នយ៉ាងច្រើនលើសលុបផងដែរ៕