Social Network

ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយតំណាងម្ចាស់ឆ្នោតនៅ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត

និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានជួបសំណេះ សំណាលជាមួយតំណាងម្ចាស់ឆ្នោត ដែលមានសមាសភាពមកពីក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំពាមជីលាំង និងឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអស់លោក លោកស្រី តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ថ្នាក់ដឹកនាំការិយាល័យពាក់ព័ន្ធក្នុងស្រុកត្បូងឃ្មុំ ជាច្រើនរូបទៀត។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភានៃព្រះរាជាណាចក្រកម្ពុជា និងដោយផ្ទាល់ពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ត្បូងឃ្មុំ ផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលតែងបានគិតគូរអំពីសុខទុក្ខ និងជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការផ្សារភ្ជាប់មនោសញ្ចេតនា និងក្តីស្រឡាញ់រាប់អាននៅគ្រប់ កាលៈទេសៈទាំងអស់។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិ មាតុភូមិឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនភាពក្រៃលែង និងទទួលបាននូវការ គាំទ្រជឿជាក់ និងទំនុកទុកចិត្តដ៏រឹងមាំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ជាពិសេសនោះ គឺការថែរក្សាការពារបាននូវសុខសន្តិភាពពេញលេញ និងភាពសុខដុមរមនារបស់ប្រជាជាតិទាំងមូល ហើយដោយសារសន្តិភាពនេះហើយ ទើបយើងមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាព រស់នៅឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់ គួបផ្សំនឹងកំណើនសេដ្ឋកិច្ចជាតិគួរឲ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ ស្ថានភាពសន្តិសុខសាធារណៈ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម ត្រូវបាន ពង្រឹងជាប់ជាប្រចាំ និងមានលក្ខណៈល្អប្រសើរ មានអំណោយផលដល់ការប្រកបមុខរបរ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

ទោះជាយ៉ាងណាក្តី តម្រូវការ និងសំណូមពរនៅមូលដ្ឋាននៅតែមាន ហើយក៏ត្រូវបានដោះស្រាយជាបណ្តើរៗ។

ក្រោយពីបានស្តាប់ស្តាប់សំណូមពររបស់តំណាងអ្នកចូលរួមរួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ បានទទួល យកនូវរាល់សំណើរ និងបានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាពិនិត្យលទ្ធភាពដោះស្រាយ តាមលទ្ធភាពជាក់ស្តែង។