Social Network

គណៈបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណបក្សលើកទី៤២ អាណត្តិទី៥ របស់គណៈកម្មាធិការកណ្តាលគណបក្ស នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី ៨ ខែកុម្ភះឆ្នាំ ២០២០ គណៈកម្មការគណបក្សខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៤២ អាណតិ្តទី៥ (កាលពីថ្ងៃទី ១ ខែកុម្ភឆ្នាំ

២០២០) កន្លងទៅនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ចុះជួយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើងនៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពី អនុប្រធាន ក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ក្រុង/ស្រុក សមាជិក-សមាជិកា គណៈអចិន្ត្រៃយ៍គណបក្ស នៅតាមមូលដ្ឋាន មន្ទីរ អង្គភាព ជុំវិញខេត្ត និង សមាជិក សមាជិកា បក្សមកពីតាមបណ្តា ក្រុង/ស្រុក ឃុំ/សង្កាត់ ក្នុងខេត្ត ជិត ៣ ពាន់នាក់។ ឯកឧត្តម ពាង ណារិទ្ធ អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត បានអានរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ នៃការងារគណបក្សខេត្ត សម្រាប់ឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាក្រោមម្លប់នៃសុខសន្តិភាពអង្គសន្និបាតបានប្រគល់ភារកិច្ចជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលដើម្បីដឹកនាំអនុវត្តសេចក្តីសម្រេចនៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤២ អាណត្តិទី ៥ នេះឲ្យទទួលបានលទ្ធផលល្អប្រសើរស្របតាមរបៀបវារៈកំណត់ក្នុងស្មារតីឯកភាពពស់ប្រជាធិបតេយ្យទូលំទូលាយ និងទទួលខុសត្រូវខ្ពស់ ចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនហើយសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល នៅក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដោយខិតខំរួមគ្នាថែរក្សាពូនជ្រុំសមិទ្ធផល នៃសង្គមជាតិការពារសន្តិភាព និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្ពោះទៅរកអនាគតដ៏រុងរឿង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ ផ្ដាំផ្ញើដល់សមាជិក-សមាជិកា នៃអង្គពិធីទាំងអស់ឲ្យយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានប្រសើរ ព្រមទាំងសំណូមពរ ឲ្យសមាជិក-សមាជិកា គណបក្សគ្រប់ថ្នាក់យកចិត្តទុកដាក់កសាងសមាជិកសមាជិកាគណបក្សថ្មីពិសេសក្នុងជួយយុវជនដែលគ្រប់អាយុ ១៨ ឆ្នាំឡើង ឱ្យធានាបានភាពគង់វង្សក្នុងការគាំទ្រ គណបក្សជានិច្ចនិរន្តរ៍។

នៅនាឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា បានឧបត្ថម្ភថវិកា ជូនសមាជិកសមាជិកាគណបក្សថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ នាយកវិទ្យាល័យ-អនុវិទ្យាល័យ-បឋមសិក្សា មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក្នុងស្រុកក្រូចឆ្មារ មេមត់ ត្បូងឃ្មុំ និងក្រុងសួង សរុបចំនួន ១៣៧១ នាក់ ហើយឯកឧត្តមវង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែកក៏បានឧបត្ថម្ភ សមាជិក-សមាជិកា បក្សចំនួន ៣៥៧ នាក់ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ក៏បានឧបត្ថម្ភ សមាជិក-សមាជិកា បក្សចំនួន ២៤២ នាក់ និងឯកឧត្តម អ៊ាងសុផល្លែតប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរាំងឪ ក៏បានឧបត្ថម្ភ សមាជិក-សមាជិកា គណបក្សចំនួន ៣០៩ នាក់ ក្នុងសមាជិក-សមាជិកា ទាំងអស់ម្នាក់ៗទទួលបានថវិកា ៤ ម៉ឺនរៀល។