Social Network

ពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មី

នៃរដ្ឋបាលស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ ។

ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរង ស្រុកក្រូចឆ្មារ លោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការក្រោមឱវាទសាលាស្រុកជាច្រើនរូប ។

បន្ទាប់ពី លោក សយ ទូច អភិបាលស្រុក ក្រូចឆ្មារ បានអានជម្រាបជូនគណៈអធិបតី និង អង្គពិធី អំពីសក្តានុពល រួមនឹងរបាយការណ៏រីកចម្រើននានា របស់ស្រុករួចមក ។

មានប្រសាសន៏សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ស៊ាក ឡេង ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ និងសូមវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលការងារ គ្រប់វិស័យរបស់រដ្ឋបាលស្រុកក្រូចឆ្មារ ដោយសង្ឃឹមយ៉ាងមុតមាំថាក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីអ្នកមុខអ្នកការ ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់នៃស្រុកក្រូចឆ្មារ នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតបន្ទាប់ពីការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីៗនៃរដ្ឋបាលស្រុក។

ឯកឧត្តមបន្តថា ក្នុងបរិបទប្រទេសកម្ពុជា ដោយអនុវត្តតាមគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល គឺមានគោលបំណងសំខាន់ៗចំនួន៣ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយប្រសិទ្ធិភាព និងរលូន គឺ ៖

ទី១៖ គឺការពង្រីងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរនៅមូលដ្ឋានតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក- ខណ្ឌ- ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្មុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទី២៖ គឺលើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែរទម្រង់វិម្ឈការ និងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ក្រោមជាតិដែលនៅមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីនឹងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានអោយមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទី៣៖ គឺលើកកម្ពស់ និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តម ស៊ាក ឡេង បានបន្ថែមថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៏នានា របស់រដ្ឋនិងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។