Social Network

អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសហការគ្នា រៀបចំពិធីប្រគល់វិញ្ញាបនបត្រ និងបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អជូនកសិករអនុវត្តកសិកម្មល្អចំនួន៨គ្រួសារ នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ កសិករដាំបន្លែសុវត្ថិភាព ៨គ្រួសារ នៅខេត្តត្បូងឃ្មុំ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ ចម្ការបន្លែអនុវត្តគោលការណ៍

" ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)" ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងនោះ ក៏មានការចូលរួមពី កសិករ អាជីវករ សរុបប្រមាណជាង១០០នាក់។

លោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើង ការប្រគល់ជូនវិញ្ញាបនបត្រជូនកសិករនៅថ្ងៃនេះ ជាលើកដំបូងដែលធ្វើសម្រាប់ខេត្តត្បូងឃ្មុំ ហើយបន្លែទាំងអស់ដែលបិទផ្លាកសញ្ញាសម្គាល់គុណភាពនេះ គឺជារឿងសំខាន់មួយដែលក្រសួងកសិកម្ម កំពុងមានការយកចិត្តទុកដាក់ចំពោះសុខភាព របស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បន្លែឆៅ និងបន្លែសម្រាប់ចំអិនអាហារទាំងក្នុងគ្រួសារ និងភោជនីយដ្ឋានផ្សេងៗ។

ម្យ៉ាងទៀត កសិករទាំងអស់ដែលបានចុះវាយតម្លៃជាប់ជាស្ថាពរក្នុងលក្ខខណ្ឌ ព្រមទាំងកសិករដ៏ទៃទៀតដែលស្នើរសុំចុះបញ្ជីជាសកម្មល្អ គឺត្រូវបានពិនិត្យ និងតាមដានដោយ អគ្គនាយកដ្ឋានការពារ ដំណាំអនាម័យ និងភូតគាមអនាម័យ ក្នុងករណីរកឃើញថាមានកសិករផ្សេងទៀតធ្វើបានគ្រប់លក្ខខណ្ឌ និងធ្វើការផ្តល់ជូនជាបន្តបន្ទាប់ទៀត។

ថ្លែងនាឱកាសនោះដែរ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ ថ្ងៃនេះ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសហការ រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនកសិករ និងបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អនៅខេត្ត បញ្ជាក់ពីការទទួលស្គាល់ “ ចម្ការ និងបិទស្លាកសញ្ញា ការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP)“ ត្រូវបន្តអនុវត្តតាមបច្ចេកទេសកសិកម្មថ្មី រក្សាគុណតម្លៃនៃកសិផលរបស់បងប្អូនឲ្យបានជានិរន្តន៍ ដើម្បីកំណើនប្រាក់ចំណូលនិងគុណធម៌សម្រាប់អ្នកបរិភោគ ដើម្បីចងក្រងកសិករដាំបន្លែ ជាសហគមន៍កសិកម្ម ឬជាក្រុមផលិតកម្មបន្លែ ជំរុញការដាំដុះតាមផែនការ ដែលឆ្លើយតបតាមភាពតម្រូវរបស់ទីផ្សារ និងពង្រីកទំហំផលិតកម្ម របស់ខ្លួនឲ្យបានកាន់តែច្រើន ហើយឈានទៅអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយដៃគូឯកជន ដើម្បីធានាស្ថេរភាពទីផ្សារ តម្លៃនិងទុនផលិត។

ម្យ៉ាងទៀត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋានអង្គភាពនានា ត្រូវបន្តពង្រឹងសហគមន៍កសិកម្ម ក្រុមផលិតកម្មបន្លែនិងបណ្តុះបណ្តាលបន្ថែមនិងពង្រីកផលិតកម្មបន្លែ តាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP)ឲ្យបានកាន់តែច្រើនកន្លែងថែមទៀត ដើម្បីបំពេញតម្រូវការបរិភោគសម្រាប់ទាំងអ្នកខេត្តត្បូងឃ្មុំ និងអ្នកក្រៅខេត្ត។

ឯកឧត្តម ពាង ណារិទ្ធ បានសំណូមពរដល់អគ្គនាយកដ្ឋានកសិកម្ម សូមបន្តការតម្រង់ទិស ណែនាំ គាំទ្រ វាយតម្លៃ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ចម្ការបន្លែកសិករ ដែលអនុវត្តតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP)ដោយមិនគិតថ្លៃ និងពង្រីកទៅកសិផលក្រៅពីបន្លែផងដែរ។

ឯកឧត្តម បានអំពាវនាវដល់ម្ចាស់អាហារដ្ឋាន ទូទាំងខេត្ត សូមគាំទ្រនិងទិញបន្លែអនុវត្តតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP)ទៅបរិភោគដោយមិនត្រូវរួញរានឹងតម្លៃនោះទេព្រោះ កសិផលដែលបានមកនេះ ទាមទារកសិករ តស៊ូ ព្យាយាម លះបង់ កម្លាំងកាយ ចិត្តក្នុងការដាំដុះខ្លាំងណាស់ ដើម្បីសុខភាពយើងទាំងអស់គ្នាផងដែរ។

បើតាមការឲ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ៖ គម្រោងគាំទ្រអនុវត្តកសិកម្មល្អនៅក្នុងខេត្តត្បូងឃ្មុំ បណ្តុះបណ្តាលប្រជាកសិករលើផលិតកម្មបន្លែ និងស្រូវនៅក្នុងក្រុង/ស្រុកចំនួន៤រួមមាន ស្រុកពញាក្រែក ត្បូងឃ្មំ អូរាំងឪ និងក្រុងសួង ដោយផ្តោតទៅលើការជំរុញកំណើនផលិតផល សុវត្ថិភាពផលិតផល ការគ្រប់គ្រងក្រោយការប្រមូលផល វេចខ្ចប់ និងផ្សារភ្ជាប់ទៅកាន់ទីផ្សារតាមទម្រង់ កិច្ចសន្យាផលិតកម្មកសិកម្ម។

កសិករ១៩៩គ្រួសារ បានចូលរួមសកម្មភាពផលិតកម្មបន្លែសុវត្ថិភាព លើផ្ទៃដី៧៧,៦២ហិកតា ហើយរៀបចំជាសហគមន៍កសិកម្ម ចំនួន៣ ក្រុមកសិករផលិតបន្លែសុវត្ថិភាពចំនួន១៤ ដែលអាចផលិតបានក្នុងរង្វង់ ៦ ៧០០តោន ក្នុងមួយឆ្នាំ៕