Social Network

ពិធីចុះកិច្ចសន្យាផលិតកម្ម ស្តីពីការទិញ លក់ ផលិតផលម្រេច រវាងសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជា និងក្រុមហ៊ុន ហ៊្វុកស៍ (ខេមបូឌា) ឯ.ក

នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្នុំ បានសម្របសម្រួលរៀបចំ ពិធីចុះកិច្ចសន្យាផលិតកម្ម ស្តីពីការ ទិញ លក់ កសិផលម្រេច រវាងសហភាព

សហគមន៍គ្រឿងទេសកម្ពុជា និងក្រុមហ៊ុន ហ៊្វុក ស៍ ជាផ្លូវការហើយ បន្ទាប់ពីមានការខិតខំប្រឹងប្រែងជាយូរមកហើយនោះ ។

ក្នុងពិធីចុះកិច្ចសន្យាផលិតកម្ម ស្តីពីការ ទិញ លក់ កសិផលម្រេចនាឱកាសនោះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានអនុគណៈកម្មាធិការសម្របសម្រួល កិច្ចសន្យាផលិតកម្មកសិកម្ម និងមានការចូលរួមពីប្រធាន/អនុប្រធានមន្ទីរកសិកម្មខេត្ត អភិបាលរងស្រុក ប្រធានសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជា និងប្រធានក្រុមហ៊ុនហ៊្វុកស៍ (ខេមបូឌា) ឯ.ក ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានប្រសាសន៍បញ្ជាក់ថា ៖ ទោះបីតម្លៃម្រេចធ្លាក់ចុះ ធ្វើឲ្យអ្នកដាំបាក់ទឹកចិត្ត ហើយបានបោះបង់ការថែទាំ បណ្តាលឲ្យខូចខាតជាច្រើនហិកតា តែ ក៏ផ្ទៃដីម្រេចដែលកសិករយើងនៅបន្តថែទាំនោះ នៅសល់ប្រមាណ១,៩៩០ហិកតា ដែលបើយើងគិតថា បច្ចុប្បន្នម្រេចផ្តល់ទិន្នផល៣,៧តោន/ហិកតា យើងអាចមានបរិមាណម្រេចប្រមាណ៧,៣៦០តោន។

ក្នុងទិសដៅលើកកម្ពស់គុណភា ព សុវត្ថិភាពកសិផល លើកស្ទួយជីវភាពប្រជាកសិករ ធានានិរន្តភាពទីផ្សារនិងតម្លៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានសម្របសម្រួលរៀបចំសហគមន៍កសិករ ដូចជាសហគមន៍កសិកម្ម២៧សហគមន៍។

សហគមន៍នេសាទ ១៤សហគមន៍ សហគមន៍ព្រៃឈើ ១សហគមន៍ សហគមន៍ ក្រុមកសិករ ១៤ និងបណ្តុំផលិតកម្ម៤៩បណ្តុំ ក៏បានបង្កើតឡើង ដើម្បីដើរតួនាទីជាដៃគូពិតប្រាកដជាមួយវិស័យឯកជន (ក្រុមហ៊ុន) ក្នុងផលិតកម្មកសិកម្ម ហើយកំពុងតែបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់គ្រងនិងបច្ចេកទេស ដើម្បីតម្រង់ទិសកសិករ អនុវត្តបានត្រឹមត្រូវ មានផែនការផលិតកម្ម ប្រកបដោយសុវត្ថិភាព គុណភាណ និងស្តង់ដារទីផ្សារ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ៖ បានថ្លែងថា ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាយន្តការធានានិរន្តរភាពទីផ្សារកសិផល ជូនប្រជាកសិករនិងគ្រប់ផ្នែកអ្នកពាក់ព័ន្ធវិស័យកសិកម្ម ជាពិសេសសហគមន៍កសិកម្ម ប៉ុន្តែកម្រិតនៃការយល់ដឹងពីគោលគំនិតនៃសហគមន៍ មិនទាន់ទូលំទូលាយ ព្រមទាំងខ្វះធនធានសម្រាប់ផ្តួចផ្តើមផលិតកម្ម អាជីវកម្មបានក្លាយជា ឧបសគ្គក្នុងការបង្កើតកិច្ចសន្យា ។

ឯកឧត្តម បន្តថា ៖ កិច្ចសន្យាផលិតកម្មកសិកម្ម ជាការព្រមព្រៀងជាគូភាគីរវាងអ្នកផលិត (កសិករ) និងវិស័យឯកជន(អ្នកទិញ) ដោយមានការសម្របសម្រួលពីមន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់គុណភាពកសិផល និងដោះស្រាយបញ្ហាប្រឈមទីផ្សារក្នុងវិស័យកសិកម្ម។

ដើម្បីជំរុញដំណើរការអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា រវាងដៃគូផលិត និងវិស័យឯកជននេះ ឲ្យបានផុសផុលនិងមានប្រសិទ្ធភាព ដោយមានការចូលរួមសម្របសម្រួលពីគ្រប់ភាគី នៃមន្ត្រីសាធារណៈផងដែរ។ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ក៏បានស្នើឲ្យភាគីទាំង២នេះ ត្រូវរៀបចំផែនការ ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីដំណោះស្រាយក្នុងការអនុវត្តតួនាទីភារកិច្ច របស់សេចក្តីអនុគណៈកម្មាធិការនេះធ្វើយ៉ាងណា ឲ្យការដំណើរការនៃការអនុវត្តកិច្ចសន្យាទទួលបានជោគជ័យ ពិសេសធានាឲ្យបានតម្លៃទីផ្សារកសិផលរបស់ប្រជាកសិករ ៕