Social Network

ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ត្រូវបានហាមឃាត់ធ្វើដំណើរឆ្លងកាត់ ទៅមក ខណៈរថយន្តដឹកទំនិញដោះដូរតាមច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅតែដំណើរការជាធម្មតា

(ត្បូងឃ្មុំ)៖ បន្ទាប់ពីស្ទើរគ្រប់ ប្រទេសក្នុងពិភពលោក បានផ្ទុះការរីករាលដាល ជំងឺកូវីដ១៩ តាមច្រកទ្វារព្រំដែន នៅតាមប្រទេសនីមួយៗ ត្រូវបានផ្អាក និងបិទមួយរយៈ ដូចទៅនឹងកម្ពុជា ដូចគ្នា ច្រកទ្វារពំ្រដែនថៃ និងវៀតណាម ជាប់ជាមួយកម្ពុជា ត្រូវបានបិទដូចគ្នា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺគូវីដ១៩ ។

ដោយឡែក ក្នុងខេត្តត្បូងឃ្មុំ ដែលមានច្រកព្រំដែន ធំៗចំនួន០៦ និងច្រកតូចៗ ក៍ត្រូវបានបិទដូចគ្នា ប៉ុន្តែក្រោមការយក ចិត្តទុកដាក់ពី សំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្រសួងស្ថាប័ន ពាក់ព័ន្ធ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជួយសម្រួល ភ្លាមៗឲ្យដំណើរការ ដឹកជញ្ជូនទំនិញ និងកសិផល នៃប្រជាជន ប្រទេសទាំង២ បានប្រព្រឹត្តិ ទៅបានជាបន្តទៀត ប៉ុន្តែចំពោះការ ធ្វើដំណើរឆ្លងកាត់ ទៅមកនៃប្រជាជនកម្ពុជា វៀតណាម ដាច់ខាត មិនអនុញ្ញាតនោះឡើយ ។

បើតាមលោក ផាន់ គឹមសន ប្រធានច្រក លោក អ៊ួន សុវណ្ណារ៉ា មេគយប្រចាំច្រក លោក ស្រេង គា អនុប៉ុស្តិ៍ប្រចាំច្រក នៃច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក លោក មួន សុភាព ប្រធានច្រក និងលោកទី ចាន់ ធួន មេប៉ុស្តិ៍ នៅច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ បានថ្លែងប្រាប់ ឲ្យដឹងដូចគ្នាថា សម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ត្រូវបានបិទ មិនអនុញ្ញាត អោយធ្វើដំណើរចេញ-ចូល ឆ្លងកាត់នោះទេ។ ប៉ុន្តែក្នុងករណី បើសិនមាន ប្រជាជនវៀតណាម ក្នុងប្រទេសកម្ពុជា និងប្រជាជនកម្ពុជា នៅប្រទេសវៀតណាម គឺត្រូវបានបើកឲ្យចូលទៅ កាន់ប្រទេសរបស់ខ្លួនវិញបាន ប៉ុន្តែបន្ទាប់ពី ឆ្លងកាត់ចូលហើយ ត្រូវបានមន្ត្រីជំនាញ ណែនាំពីចំណេះដឹង ពាក់ព័ន្ធការថែរក្សា អនាម័យពាក់ម៉ាស់ លាងសម្អាតដៃ មិនត្រូវជួបជុំ និងត្រូវដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ រាប់ចាប់ពីចូលប្រទេសខ្លួនវិញ ដូចគ្នាផងដែរ ។

ចំពោះដំណើរការចរាចរណ៍ ទំនិញទៅមក ជាប្រក្រតីដូចធម្មតា គឺចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ដោយអនុញ្ញាត ទៅតាមនីតិវិធី ដូចខាងក្រោម ៖ + ចំពោះសកម្មភាព ដឹកចេញទៅ វៀតណាម គឺរថយន្ត អនុញ្ញាតឲ្យចូលដោយ ដោះដូរអ្នកបើកបរ នៅតំបន់ ស ដោយមានការបាញ់អាកុល ទៅលើឡាន សម្លាប់មេរោគ ពីមន្ត្រីចតាលីស័ក + ចំពោះសកម្មភាព ដឹកចូលក្នុងកម្ពុជា គឺរថយន្តដឹក របស់វៀតណាម ត្រូវសាងទំនិញ នៅតំបន់ ស ដូចគ្នា ក្នុងនោះ មាន២វិធី ដោយរថយន្តសណ្តោង រ៉ឺម៉កដឹកទំនិញវៀតណាម ត្រូវមកដោះដូរក្បាល រថយន្តសណ្តោង រីឯរថយន្ត ដែលមិនមានសណ្តោងរ៉ឺម៉ក ត្រូវប្តូរតៃកុងរថយន្ត ។

មន្ត្រីជំនាញ នៅប្រចាំច្រកទាំង២ ឲ្យដឹងទៀតថាការដោះដូរទំនិញ នៅតាមច្រកទ្វារព្រំដែន គឺនៅជាធម្មតា គ្រាន់តែយូរជាងមុនព្រោះថា ត្រូវឆ្លងកាត់ដំណាក់ មួយចំនួនដូចបានជម្រាបជូនខាងលើ ។ ចំពោះកសិផលកម្ពុជា ដែលដឹកទៅវៀតណាម តាមច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង និងច្រកទ្វារទ្វេភាគីដារ ភាគច្រើនគឺជាដំឡូងមី ក៍ដូចជាបន្លែ និងផ្លែឈើមាន ស្វាយចន្ទី ស្វាយកែវរមៀតជាដើម ។ 

ដោយឡែកខាងវៀតណាមវិញ ទំនិញដែលដឹកចូលមកកម្ពុជា ភាគច្រើនគឺចំណីសត្វ ថ្នាំសម្លាប់សត្វល្អិត ជីគីមី ព្រមទាំងឥវ៉ាន់ ចាប់ហ៊ួយមួយចំនួន ជាដើមផងដែរ ។

សូមជម្រាបថា ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ជាប់ប្រទេសវៀតណាម ក្រៅពីច្រក របៀងតូចៗ មានច្រកទ្វារធំៗ ចំនួន០៦ សម្រាប់ចរាចរណ៍ ដោះដូរទំនិញ រួមមាន៖ - ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង -ច្រកទ្វារ ព្រំដែនទ្វេរភាគីដារ -ច្រកទ្វារព្រំ ដែនទន្លេចាម -ជាំក្រវៀន -ច្រកទ្វារតំបន់ ព្រំដែនដូនរ័ត្ន -ច្រកទ្វារតំបន់ ព្រំដែនទន្លូង -ច្រកទ្វារតំបន់ ព្រំដែនចាន់មូល ។