Social Network

លោកយាយកំសត់ចាស់ជរាមេម៉ាយទីទាល់ក្រ២នាក់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដង្ហើយហៅស្វែងរកជំនួយនៅលើបណ្តាញសង្គម, ភ្លាមៗឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា នាំយកស្បៀងអាហារនិងថវិការទៅផ្តល់ជូនដល់ខ្ទមកំសត់

បន្ទាប់ពីទទួលបានព័ត៌មានពីការចែកចាយតៗគ្នាយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសបុក ដែលលោកយាយចាស់ជរាមេម៉ាយទីទាល់ក្រ២នាក់ គឺលោកយាយ កែវ ហួន អាយុ៧៤ឆ្នាំ និងលោកយាយ យ៉ង ទុន

អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដង្ហើយហៅស្វែងរកជំនួយ មិនមានស្បៀងអាហារហូបចុកនោះ ភ្លាមៗឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា អនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែននៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រួមជាមួយព្រះសង្ឃ និងក្រុមបងប្អូនមានចិត្តបុណ្យ ដែលមានបេះដូងមនុស្សធម៌ ដែលតែងតែចុះជួយជនងាយរងគ្រោះ ចាស់ជរា ទីទាល់ក្រជួបការលំបាក បាននាំយកថវិការសម្ភារៈ និងស្បៀងអាហារមួយចំនួន ទៅផ្តល់ជូនដល់ខ្ទមកំសត់។

ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា បានអោយដឹងថា បន្ទាប់ពីទទួលបានដំណឹង ពីការខ្វះខាត របស់លោកយាយទាំង២នាក់ខាងលើ ដែលមានជីវភាពទីទ័លក្រពិតប្រាកដគ្មានទីពឹង ទើបនារសៀលថ្ងៃនេះ លោក និង ព្រះគ្រូចៅអធិការវត្តកោះរការ រួមទាំងក្រុមបងប្អូនមានចិត្តបុណ្យ បាននាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនមកចែកជូនដើម្បីសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។

ក្នុងឳកាសនោះឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា មានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះស្ត្រីចាស់ជរាទីទ័លក្រ ដោយក្តីអាណិតអាសូរជាពន់ពេក ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់ពួកគាត់ទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន ត្រូវថែរក្សាសុខភាពខ្លួន ដោយរក្សានូវអនាម័យជាប់ជានិច្ច តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវរលកទី២នៃជំងឺកូវីត១៩ នៅកម្ពុជា។

ដោយកាយវិការឆ្លើយតបយ៉ាងពេញចិត្តពេញថ្លើម និងត្រេកអររកអ្វីថ្លែងពុំបាន លោកយាយ កែវ ហួន និងលោកយាយ យ៉ង ទុន បានលើកម្រាមដៃដប់ អរគុណយ៉ាងខ្លាំងបំផុតដល់សម្ដេចទាំងទ្វេរ និងឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា និងព្រះគ្រូចៅអធិការវត្តកោះរការ រួមទាំងក្រុមការងារគី ដោយក្តីរំភើបរីករាយ បន្ទាប់ពីទទួលបានជំនួយមួយចំនួននេះ ដើម្បីដោះស្រាយជីវភាពចំពោះមុខ។

ចំពោះអំណោយដែលនាំយកទៅចែកជូននោះជាស្បៀងអាហារ និងសម្ភារៈរួមមាន ថវិការ៧០មុឺនរៀល អង្ករចំនួន៣បេ, មីខ្លាឃ្មុំ២កេសធំ, ត្រីខ១យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, អំបិល១កញ្ចប់, ប៊ីចេង១កញ្ចប់, ស្ករស១កញ្ចប់, ទឹកសុទ្ធ០២កេស, ព្រះមួយអង្គ, គ្រឿងសក្ការៈបូជាព្រះ, ទាន០៥ដុំ, ធូប០៥ដុំ, ធូបក្រអូប០១ដុំធំ, បាឡុង០១, ស្លាដក់០២, ស្បែកជើងផ្ទាត់, ក្រម៉ា និងសម្លៀកបំពាក់មួយចំនួន៕