Social Network

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣

នៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ថា(គ.ក.ស.ក) បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩

អាណត្តិទី៣ ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

បន្ទាប់ពីលោកស្រី ថន គឹមស៊្រន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍អនុវត្តការងារ សម្រាប់ខែឧសភា និងផែនការសម្រាប់ខែមិថុនា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត រួចមក លោកជំទាវ ខៀវ សាមួន បានមានប្រសាសន៏ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការពិភាក្សាលើរបាយការណ៍ការងារ ពិសេសដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ធ្វើការកែតម្រូវ អក្ខរាវិរុទ្ធ ឃ្លោងឃ្លា ខ្លឹមសារ និងសំណូមពរនានា។

លោកជំទាវ ខៀវ សាមួន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសលោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ដែលបានជួយជំរុញអោយការងារស្ត្រីរបស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អនាពេលកន្លងមក និងខិតខំបន្តទៅមុខឲ្យកាន់តែល្អប្រសើរទ្វេឡើងបន្ថែមទៀត។

សូមជម្រាបថា ក្នុងកិច្ចនេះមានរបៀបវារៈ០៥ ត្រូវបានលើកឡើងរួមមាន៖ ១/ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ, ២/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ (ខែឧសភា)របស់ គ.ក.ស.ក ខេត្ត, ៣/ អានសេចក្តីព្រាងកំណត់ហេតុទាំងស្រុង, ៤/ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី ២ ឆ្នាំ២០២០ របស់ គ.ក.ស.ក ខេត្ត និងទី៥/ បញ្ហាផ្សេងៗ៕