Social Network

ដំណើរកំសាន្តទស្សនៈកិច្ចប្រចាំឆ្នាំរបស់ គ្រួសារមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ទៅកាន់ខេត្តកំពត និងព្រះសីហនុ ប្រកបដោយភាពសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព

ក្រោមការយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្តៅពីសំណាក់ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងលោកជំទាវ សេក គឹមហ៊ុន រួមទាំងលោកអនុប្រធានមន្ទីរ

បានដឹកនាំមន្ត្រីរាជការ និងបុគ្គលិករួមទាំងក្រុមគ្រួសារ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ប្រមាណ៤០នាក់ ធ្វើដំណើរកំសាន្តប្រចាំឆ្នាំរយៈពេល ២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ ទៅកាន់ខេត្តកំពត និងខេត្តព្រះសីហនុ ភាគនិរតី ដែនដីសមុទ្រ ប្រទេសកម្ពុជា ត្រូវបានបញ្ចប់ក្រោមស្នាមញញឹម ភាពរីករាយ សាមគ្គីភាព និងស្រឡាញ់រាប់អានគ្នា ក្នុងនាមជាគ្រួសារតែមួយ ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន នៃការដឹកនាំដ៍ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខកម្ពុជា។

នាឱកាសដំណើរកំសាន្តទស្សនៈកិច្ចថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស ស៊ីណា បានដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ចេញដំណើរពីខេត្តត្បូងឃ្មុំ ទៅកាន់ខេត្តកំពត ឆ្ពោះទៅកាន់ទឹកធ្លាក់អន្លង់ធំ គយគន់ទេសភាពដ៏ស្រស់ត្រកាល ដែលមានទឹកត្រជាក់ថ្លាឆ្វេងហូរកាត់ផែនថ្ម បានរំលេចចេញជាសម្រស់ធម្មជាតិស្រស់ត្រកាល នៃលំហូរទឹកធ្លាក់ រុញច្រានឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ រួមជាមួយភ្ញៀវទេចរណ៍ផ្សេងទៀត ហាមចិត្តមិនឲ្យផ្តិតយករូបភាព និងងូតទឹកលេងដ៍ថ្លាឆ្វេង និងត្រជាក់សបសាច់។

បន្ទាប់មករថយន្តក្រុង បានបន្តដំណើរទៅកាន់រមណីយដ្ឋានក្តាត ជាទីកន្លែងជាប់មាត់សមុទ្រ ក៍ជាតំបន់ប្រជានេសាទសមុទ្រផងដែរ ក្នុងទឹកដីខេត្តកំពត ដោយមានទេសភាពទឹកសមុទ្ធខៀវថ្លាជាប់មេឃដាច់កន្ទុយភ្នែក ខ្យល់អាកាសបរិសុទ្ធក្រោមសំលេងទឹករលកសមុទ្របោកបក់ច្រាំង បញ្ចេញជាតន្ត្រីមួយបែបយ៉ាងពិរោះ ធ្វើឲ្យភាពនើយហត់ពេញមួយឆ្នាំ និងការធ្វើដំណើរលើផ្លូវយ៉ាងវែងឆ្ងាយ រសាយផុតបាត់ទៅតាមជំនោរសមុទ្រ។

បន្ទាប់ពីបន្ធូរអារម្មណ៍និងសម្រាករួចរាល់ នាស្បៃរាត្រីចូលមកដល់ ក្រុមគ្រួសារមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក៍បានជួបជុំ ពិសារអាហារសាមគ្គី រាំលេងកំសាន្ត សប្បាយរីករាយ រួចសម្រាកដោយភាពរីករាយ និងមានក្តីសុខនារាត្រីទី១ ពោរពេញដោយស្នាមញញឹមផ្តិតជាប់រូបភាពចារជាប់ក្នុងចិត្ត។

លុះព្រឹកឡើងនាថ្ងៃទី២ ត្រូវនឹងថ្ងៃទី២៧ ក្រុមគ្រួសារមន្ទីរព៌ត៌មានខេត្តត្បូងឃ្មុំ បានបន្តដំណើរតាមរថយន្តក្រុងបាញ់ឆ្ពោះរទៅកាន់ខេត្តព្រះសីហនុ ជាដែនដីដ៍មានសក្តានុពលសេដ្ឋកិច្ច និងភាពស្រស់ត្រកាលនៃវិស័យទេសចរណ៍ដែនសមុទ្រ ដោយឯកឧត្តម ប្រធានមន្ទីរព័ត៌មានខេត្ត និងលោកជំទាវ បានដឹកនាំប្រតិភូចេញផុតពីផ្លូវគោក បន្តដំណើរតាមផ្លូវទឹក តាមអូរប័រទៅកាន់ឆ្នេរកោះសែនស្រស់ស្អាតបំផុតមួយ ក្នុងចំណោមកោះជាច្រើនទៀតនោះ គឺកោះរ៉ុង ដោយធ្វើដំណើរកាត់ទឹកសមុទ្រប្រមាណ៣០នាទី លើចម្ងាយផ្លូវប្រមាណ៣០គីឡូម៉ែត្រ ដោយចុះងូតទឹកលេងជុំគ្នា រំសាយទុក្ខកង្វល់សល់តែស្នាមញញឹម ពិសារអាហារសាមគ្គីដោយមានគ្រឿងសមុទ្រចំរុះនាពេលរាត្រី ព្រមទាំងច្រៀងរាំជុំគ្នា យ៉ាងរីករាយនិងស្និទ្ធស្នាលបំផុត។

ក្រោយពីបានធ្វើដំណើរកំសាន្តអស់រយៈពេល២ថ្ងៃរួចមក នាព្រឹកថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៨ ជាថ្ងៃបញ្ចប់ដំណើរទស្សនៈកិច្ច ឯកឧត្តម ស ស៊ីណា និងលោកជំទាវ បានដឹកនាំប្រតិភូ ធ្វើដំណើរតាមទូកបន្តទៅកាន់ឆ្នេរខ្សាច់ដ៍វែងដែលមានខ្សាច់សក្បុសស្រស់ស្អាត និងទឹករលកធំៗនោះ គឺឆ្នេរLONG BEACH រួចបន្តទៅស្ទូចត្រី ហែលទឹកលេង និងជ្រមុជមើលផ្កាសមុទ្រ ឃើញយ៉ាងត្រជាក់ភ្នែក ជាទីកន្លែងស្រស់ស្អាតបែបធម្មជាតិនៅក្រោមផ្ទៃទឹកយ៉ាងខៀវស្រងាត់ ដែលជាបទពិសោធន៍មួយថ្មី នៃមន្ត្រីគ្រប់ៗរូប។

រហូតដល់វេលាថ្ងៃត្រង់បានបន្តដំណើរពីកោះរ៉ុង មកដែនដីនៃក្រុងព្រះសីហនុវិញ ដោយធ្វើដំណើរជុំវិញក្រុង ផ្តិតយកទស្សនីយភាពនៃការរីកចម្រើន និងភាពស្រស់ត្រកាលនៃក្រុងស៊ីវីល័យនៃដែនដីសមុទ្រ បណ្តុំទៅដោយការអភិវឌ្ឍន៍ សំណង់អគារធំៗខ្ពស់ៗស្កឹមស្កៃរីកដូចផ្សិតផុសរូបរាងឡើង ផ្លូវខ្វាត់ខ្វែងត្រូវបានសាងសង់ជាបន្តបន្ទាប់ ដែលគេប្រដូចខេត្តព្រះសីហនុនាពេលនេះទៅនឹងទីក្រុងហុងកុងនៃឆ្នាំ១៩៩០ ហើយនៅពេលសំណង់អគាររាប់រយសាងសង់រួចរាល់ គឺដូចទៅនឹងភាពស្រស់ស្អាតនៃប្រទេសសិង្ហបុរីនាឆ្នាំ២០១៦ ហើយនឹងបន្តសាងសង់អភិវឌ្ឍន៍បន្ថែមជាបន្តទៀត នោះនឹងរុញច្រានឲ្យទីក្រុងព្រះសីហនុ ជាទីក្រុងសេដ្ឋកិច្ចដ៍ធំមួយនៃកម្ពុជា ក៍ដូចជាប្រែមុខមាត់មួយថ្មីបន្ថែមទៀត។

សមិទ្ធផល និងការអភិវឌ្ឍន៍ធំៗទាំងនេះសុទ្ធសឹងក្រោមការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃនៃយុទ្ធសាស្ត្រឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងថ្នាក់ដឹកនាំទាំងអស់ ដែលបានរុញច្រាននាវាកម្ពុជាតាំងពីបាតដៃទទេ រហូតដល់អភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យបានដូចសព្វថ្ងៃ នេះ និងបន្តបោះជំហានទៅមុខទៀតយ៉ាងវែង បាញ់ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍ ក្រោមម្លប់សន្តិភាពយ៉ាងមានក្តីសុខ និងពោរពេញដោយបេះដូងកក់ក្តៅ ដោយយើងគ្រប់គ្នាចង់ចាំមិនភ្លេចនោះគឺ មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ និងមានអ្វីៗទាំងអស់ <<អរគុណសន្តិភាព>>។

ក្រោយបញ្ចប់ដំណើរកំសាន្តទស្សនៈកិច្ចសិក្សាដ៍រីករាយ និងចង់ចាំក្នុងក្រអៅបេះដូងនោះ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្រលាញ់ និងផ្តល់ភាពកក់ក្តៅរបស់ឯកឧត្តម ស ស៊ីណា និងថ្នាក់ដឹកនាំមន្ទីរ ដោយលើកហត្ថសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ ឯកឧត្តម ស ស៊ីណា និងក្រុមគ្រួសារ ព្រមទាំងប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕