Social Network

តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់វត្តចំនួន៦ ស្ថិតក្នុងឃុំត្រពាំងផ្លុង និងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម សន សារាណា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងថវិការ ទៅប្រគេនដល់វត្តទាំង៦

គឺវត្តត្រពាំងផ្លុង ,ត្រពាំងព្រីង ,ក្បាលដីរី , ត្រាចខោល , ច្រករំដេង និងវត្តត្រពាំងរំសែង ស្ថិតក្នុងឃុំត្រពាំងផ្លុង និងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះ ឯកឧត្តម សន សារាណា បានមានប្រសាសន៍ថា ៖ ប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ដោយឡែក ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើងដើម្បីឱ្យព្រះសង្ឃ សាវ័កគ្រប់ព្រះអង្គប្រតិបត្តិតាមដែលមានរយៈពេល ៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ឯកឧត្តម បន្តថា ៖ បច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលលើពិភពលោកនៅឡើយទេ ចំណែកនៅកម្ពុជាប្រជាលរដ្ឋដែលឆ្លងសុទ្ធ តែឆ្លងមកពីប្រទេសក្រៅប្រទេស ប៉ុន្តែយើងត្រូវតែការពារកុំឲ្យរលកទី២កើតដល់សហគមន៍ ព្រោះថាជម្ងឺនេះមិនថាចាស់ក្មេង ឬព្រះសង្ឃទេអាចឆ្លងគ្រប់ពេល ដូចនេះត្រូវយកចិត្តទុកដាក់ការពារខ្លួនឲ្យបានគ្រប់ពេលវេលា ដើម្បីការពារជម្ងឺកូវី១៩នេះតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាការរក្សាអនាម័យ ការរក្សាគម្លាតពីគ្នាជាដើម។

ជាមួយគ្នានោះ ឯកឧត្តម សន សារាណា ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានថវិកាពីកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ មេត្តាយកថវិកានោះ ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់គ្រួសារ ចៀសវាងយកថវិកាទាំងនោះ ទៅប្រើប្រាស់ខុស ។

ឯកឧត្តម សន សារាណា ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យ ដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាសឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ត្រូវរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ នៅកម្ពុជា។

សូមបញ្ជាក់ថា ៖ ចំពោះទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ ក្នុងមួយវត្តទទួលបានទៀន១គូ អង្ក១៥០គីឡូ ទឹកត្រី១ ទឹកសុីអៀវ១យូ កាហ្វេ២កកញ្ជាប់ធំ តែ១កញ្ជាក់ ស្កសរ១០គីឡូ សាប៊ូ១កញ្ជប់ធំ មី១កេស ប្រេង៥លីត្រ ត្រី ខ ១យូ ទឹកសុទ្ធ១កេស ទឹកដោះគោ១កេស ទឹកក្រូច១ និងថវិការចំនួន៥០ម៉ឺនរៀលផងដែរ៕