Social Network

សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ បង្ហាញពីជោគជ័យ កម្មវិធីសិក្សា៥០+៥០ ក្នុងការដាំដុះ និងចិញ្ចឹមសត្វរបស់និស្សិត ដល់គ្រូបង្រៀនមកពីស្រុកកំចាយមារ ខេត្តព្រៃវែង ចុះមកធ្វើទស្សនៈកិច្ចសិក្សា

(ត្បូងឃ្មុំ)៖ សាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ បានរៀបចំ ទស្សនកិច្ច សិក្សាមួយ ដើម្បីជាការ ដកស្រង់ បទពិសោធន៍ បង្ហាញពីភាពជោគជ័យ របស់និស្សិត លើការងារដាំដំណាំ ព្រមទាំងបង្កាត់ និងចិញ្ចឹមសត្វ ដល់លោកគ្រូ អ្នកគ្រូ មកពីតាមបណ្តា សាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នាថ្ងៃទី១៨ និង១៩ ខែកក្កដា ឆ្នាំ២០២០ ។

ក្នុងសកម្មភាព ចុះដកស្រង់ បទពិសោធន៍នោះ ដឹកនាំដោយផ្ទាល់ និងជាអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម ពិន វណ្ណារ៉ូ សកលវិទ្យាធិការ សាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំ និងឯកឧត្តម សិត ខន សកលវិទ្យាធិការ សាកលវិទ្យាល័យកំចាយមារ ខេត្តព្រៃវែង ។

ឯកឧត្តម ពិន វណ្ណារ៉ូ បានថ្លែងថា លោកគ្រូអ្នកគ្រូ បានមកដល់ទីនេះ គឺក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ពីអ្វី ដែលសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ អនុវត្តន៍ជោគជ័យ កន្លងមក លើការងារ បច្ចេកទេស និងការអនុវត្តជាក់ស្តែង ក្នុងការចិញ្ចឹម-បង្កាត់បង្កង កង្កែប ត្រី ជ្រូកព្រៃ ឃ្មុំ និងគោ និងសត្វមួយ ចំនួនទៀត ប្រមទាំងការដាំដុះ នូវដំណាំជាច្រើនមុខទៀត ដើម្បីឲ្យលោកគ្រូអ្នកគ្រូ មកពីស្រុកកំចាយមារ ខេត្តព្រៃវែង យកទៅផ្សព្វផ្សាយបន្ត បង្រៀនសិស្សានុសិស្ស និងរៀបចំអនុវត្តន៍ នៅសហគមន៍ខ្លួន ។

ឯកឧត្តម ពិន វណ្ណារ៉ូ ឲ្យដឹងទៀតថា សាកលវិទ្យាល័យ ហេងសំរិនត្បូងឃ្មុំ ក្រោយពីដាក់ដំណើរការ កម្មវិធីសិក្សាបង្រៀន សិស្សនិស្សិតរួចមក ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តែទទួលបានជោគជ័យជាបន្តបន្ទាប់ តាមរយៈកម្មវិធីសិក្សា ទៅតាមមហាវិទ្យាល័យ ជំនាញនីមួយៗ ដោយបានស្រូបយក និស្សិតប្រមាណជាង ១២០០នាក់ មកពី ១៥រាជធានី-ខេត្ត មកសិក្សានៅទីនេះ ដោយមានអគាសិក្សាធំទូលាយ បរិក្ខារទំនើប សាស្ត្រាចារ្យប្រកប ដោយសមត្ថភាព និងមានអគារស្នាក់ នៅសម្រាប់សិស្សនិស្សិត បង្កលក្ខណៈងាយស្រួល សម្រាប់និស្សិត មកពីឆ្ងាយ ហើយជាគោលការណ៍ នឹងស្រូបយកនិស្សិត ឲ្យបាន២៥ខេត្ត-រាជធានី នៅពេលខាងមុខ ។

ឯកឧត្តម ពិន វណ្ណារ៉ូ បញ្ជាក់ឲ្យដឹងថា ចំណុចខ្លាំងដែលរុញច្រាន ឲ្យសាកលវិទ្យាល័យ ហេងសំរិនត្បូងឃ្មុំ ជោគជ័យ ក្នុងរយៈពេលយ៉ាងខ្លីនោះ គឺត្រង់សាលាផ្តោតសំខាន់ ទៅលើគុណភាពជាចម្បង ជាពិសេសកម្មវិធី សិក្សាលើទ្រឹស្តី៥០% និងអនុវត្តន៍៥០% គ្រប់មហាវិទ្យាល័យ ទាំងអស់ ពិសេសមហាវិទ្យាល័យ កសិកម្ម ដែលនិស្សិតអនុវត្តន៍ បានជោគជ័យ រួចហើយនាពេលកន្លងមក លើការងារដាំដុះ និងបង្កាត់-ចិញ្ចឹមសត្វ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានលើកឡើងពី គោលបំណង ចំបងដែលឯកឧត្តម ដឹកនាំលោកគ្រូអ្នកគ្រូ មកទីនេះ គឺដើម្បីផ្លាស់ប្តូរ បទពិសោធន៍ បានយល់នូវគន្លឹះ បច្ចេកទេសងាយៗ តែទទួលបានលទ្ធផលខ្ពស់ លើជំនាញកសិកម្មនៅទីនេះ ។

ឯកឧត្តមបណ្ឌិត ថ្លែងលើកឡើងបន្តថា លោកគ្រូអ្នកគ្រូ ជាអ្នកដើរតួយ៉ាងសំខាន់ផងដែរ លើការងារផ្សព្វផ្សាយបន្ត ព្រោះថាចំណេះដឹងទាំងអស់ ត្រូវបានគ្រូបង្រៀន ផ្សព្វផ្សាយនៅសាលា និងដល់សហគមន៍ ដោយចំណាយ ថវិការអស់តិច ពិសេសបានលឿន និងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៍សង្ឃឹមយ៉ាងម៉ុតមាំថា ក្រោយទទួលបាន ចំណេះដឹងផ្នែកកសិកម្មនេះ លោកគ្រូអ្នកគ្រូ នឹងពាំនាំនូវចំណេះដឹង ទៅផ្សព្វផ្សាយ ដល់ភូមិស្រុក និងតាមសាលារៀន ធ្វើយ៉ាងណាឲ្យ បងប្អូនពលរដ្ ឋដែលមានដី នៅទំនេរចោល ធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីសម្រួល ជីវភាពគ្រួសារ នាអំឡុងការរីករាលដាល ជំងឺកូវីដ-១៩ ជាសកលនេះ ៕