Social Network

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ថា(គ.ក.ស.ក) បើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ថា(គ.ក.ស.ក) នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣

ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តត្បូងឃ្មុំ ក្នុងនោះ មានការចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

បន្ទាប់ពីលោកស្រី ថន គឹមស៊្រន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍ អនុវត្តការងារ សម្រាប់ខែសីហា និងផែនការសម្រាប់ខែកញ្ញា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត រួចមក លោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានមានប្រសាសន៏ថា ៖

កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ ចំពោះការពិភាក្សាលើរបាយការណ៍ការងារ ពិសេសដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ធ្វើការកែតម្រូវ អក្ខរាវិរុទ្ធ ឃ្លោងឃ្លា ខ្លឹមសារ និងសំណូមពរនានា ដើម្បីឆ្លងក្រុមប្រឹក្សាខេត្ត អនុម័តរបាយការណ៍។

ក្នុងឱកាសនោះដែរ លោកជំទាវ ឡេង សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសលោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ដែលបានជួយជំរុញអោយការងារស្ត្រីរបស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អនាពេលកន្លងមក និងខិតខំបន្តទៅមុខឲ្យកាន់តែល្អប្រសើរទ្វេឡើងបន្ថែមទៀត។

លើសពីនេះ ទៅទៀតការចុះជួយតាមមូលដ្ឋានរបស់លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលដែលជំងឺកូវិត ១៩ ដែលជាជំងឺរាតត្បាតជាសកល។

សូមជម្រាបថា សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១១ អាណិតទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត រួមមានមានរបៀបវារៈ០៣ រួមមាន៖ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី ១០ ២.ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ខែសីហា ឆ្នាំ២០២០ ៣.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងពីរបៀបវារៈកាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត៕