Social Network

រដ្ឋបាលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រៀបចំពិព័រណ៍បន្លែផ្លែឈើ និងផលិតផលក្នុងខេត្ត ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មសុវត្ថិភាព គ្មានជាតិគីមី ស្វែងរកទីផ្សារ ជួយលើកកម្ពស់ជីវភាពប្រជាកសិករ

ទន្ទឹមនឹងនៅទូទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជា បានជួបវិបត្តិជំងឺកូវីដ-១៩ និងដើម្បីជួយជ្រោមជ្រែងសម្រួលស្វែងរកទីផ្សារលក់ដូរ បង្កើនជីវភាពដល់ប្រជាកសិករ

មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍បន្លែផ្លែឈើ និងផលិតផលក្នុងខេត្តត្បូងឃ្មុំ ដើម្បីជួយស្វែងរកទីផ្សារ ជំរុញការដាំដុះ និងការចរាចរផលដំណាំទៅលក់ ផ្សព្វផ្សាយផលិតផលកសិកម្ម ជាបន្លែផ្លែឈើសុវត្ថិភាពគ្មានជាតិគីមី និងផលិតផលកសិកម្មកែច្នៃក្នុងខេត្ត។

ពិពរណ៍នេះ ធ្វើឡើងនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងបណ្ឌិតបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

លោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹងថា ការរៀបចំពិពរណ៍នេះមានរយៈពេល ២ថ្ងៃទី ពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០២០ នៅមាត់ទន្លេសិប្បនិម្មិត ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យមហាជនទូទៅ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកបានកាន់តែច្រើនឡើង ដោយក្នុងនោះ ផ្សព្វផ្សាយអំពីផលិតផលកសិកម្ម ជាបន្លែផ្លែឈើសុវត្ថិភាពគ្មានជាតិគីមី មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ដែលផលិតដោយក្រុមកសិករ សហគមន៍ បង្កើតឱកាសសម្រាប់ក្រុមកសិករផលិត ក្នុងគោលបំណងឆ្លើយតបស្វែងរកទីផ្សារ ស្វែងរកដៃគូសហការក្នុងការទិញលក់ ជួយបង្កើនផលិតផលនិងផលិតកម្ម ជំរុញលើកទឹកចិត្តធ្វើឲ្យបន្តខិតខំដាំបន្លែផ្លែឈើសុវត្ថិភាព ដោយគ្មានជាតិគីមី និងជួយគាំទ្រផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុង។

លោក បន្ថែមថា មួយវិញទៀត គឺដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន ប្រជាកសិករ ពង្រីកការដាំដុះផ្គត់ផ្គង់តម្រូវការផលិតផលនៅក្នុងខេត្ត ជាពិសេសកាត់បន្ថយការនាំចូលពីទីផ្សារបរទេសចូលមកក្នុងប្រទេសផងដែរ៕