ពុលសត្វគីង្គក់ ស្លាប់ស្រ្តីម្នាក់ និងកំពុងសង្គ្រោះបន្ទាន់ ៣នាក់ នៅស្រុកតំបែរ
- Details
- Category: Provincial News
ត្បូងឃ្មុំ៖ ស្រ្តីម្នាក់បានស្លាប់ និងជនរងគ្រោះ ៣នាក់ទៀត ត្រូវជាប្តី និងប្អូនប្រុស កំពុងជួយសង្គ្រោះ ជាបន្ទាន់ នៅមន្ទីរពេទ្យ ដោយសារតែ ពុលសត្វគីង្គក់ ក្រោយពេលបរិភោគ នារសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅ ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មាន ឈ្មោះ ស៊ឹង ប៉ោង អាយុ១៨ឆ្នាំ ខណៈប្តី របស់នាងឈ្មោះ រ៉ា អាយុ២៨ឆ្នាំ ប្អូនប្រុសឈ្មោះ ស៊ឹង ទូ អាយុ១៥ឆ្នាំ និងឈ្មោះ ស៊ឹង ណេតំ អាយុ១១ឆ្នាំ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ លោកស្នងការ បានបន្តទៀតថា ក្រោយទទួលនូវ សេចក្តីរាយការណ៍ ខាងលើនេះ កម្លាំងនគរបាល របស់លោក បានបញ្ជូន ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ខណៈសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ជូន ក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បញ្ជាក់ អំពីមូលហេតុ ដែលនាំឲ្យជនរងគ្រោះ ពុលសត្វគីង្គក់នោះឡើយ ៕