Social Network

ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរជាតិចំនួន៧,៧២៧នាក់ ក្នុងថ្ងៃឈប់សម្រាក់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអុំបុក នៅឆ្នាំ២០២០នេះ

ក្នុងរយៈពេលឈប់សម្រាក់៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអុំបុក នៅថ្ងៃទី៣០,៣១ ខែតុលា នឹង០១ ខែវិច្ឆិកា ឆ្នាំ២០២០

មានភ្ញៀវទេសចរ ជាតិ ចំនួន៧,៧២៧នាក់ បានមកដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តត្បូងឃ្មុំ។

បើតាមរបាយការណ៍របស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអុំបុក នៅថ្ងៃទី៣០,៣១ខែតុលា និង០១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរមកកម្សាន្ត តាមរមណីយដ្ឋាននានា សរុបចំនួន៧,៧២៧នាក់ ស្រីចំនួន៣.៩៧៩នាក់ ភ្ញៀវអន្តរជាតិ គ្មាន ធៀបឆ្នាំមុនចំនួន៩.៨៧០នាក់ ធ្លាក់ចុះ២១,៧១%។

លោក បន្តថា ៖ រមណីដ្ឋានធម្មជាតិ និងកែច្នៃ ក្នុងខេត្តត្បូងឃ្មុំ ដែលជាកន្លែងមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរ មានដូចជា÷ ១,រមណីយដ្ឋានព្រះបាស្រី ២,រមណីយដ្ឋានកែច្នៃតាសែដូងក្រអូប ៣,រមណីយដ្ឋានកែច្នៃអូរក្តុង ៤,រមណីយដ្ឋានប្រវត្តសាស្រ្តហ្លួងព្រះស្តេចកន ៥,រមណីយដ្ឋានធម្មជាតិភូមិអភិវឌ្ឍអន្លង់ជ្រៃ ៦,រមណីយដ្ឋានភូមិអ្នកនេសាទ ៧.រមណីយដ្ឋានកែច្នៃសួនផ្កាឈូករ័តុ្ន ៨.រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ហោង និងតំបន់សម្សាន្តនានាផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ៖ តាមរយៈសកម្មភាព នៃការដើរលេងកម្សាន្តដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋខ្មែរការឈប់សម្រាក់៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអុំបុក បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសបានដាក់ចេញនូវ វិធានការសុខាភិបាល បានយ៉ាងល្អ ធ្វើឲ្យការដើរកំសាន្តរបស់ប្រជាពលរដ្ឋ ទទួលបានភាពសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅក្នុងចិត្ត ។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច បានយ៉ាងល្អ ដោយមិនគិតពីថ្ងៃឈប់សម្រាករបស់ខ្លួន តែបែរជាមកបំពេញការងារ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ លេងកំសាន្តយ៉ាងសប្បាយ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានជូនពរ ដល់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលបានមកលេងកំសាន្តសប្បាយ ក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាខេត្តផ្សេងៗ ទៀតទទួលបានសេចក្ដីសុខ សប្បាយ ក្ន្ងុងការធ្វើ ដំណើរទាំងមក និងទាំងធ្វើដំណើរ វិលត្រឡប់ទៅគេហដ្ឋាន ឬទៅបំពេញការងារ របស់ខ្លួនវិញផងដែរ ៕