Social Network

រថយន្តយីឌុប បុកជាមួយរថយន្តមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បណ្តាលអោយអ្នកជំងឺស្លាប់ម្នាក់ របួសធ្ងន់ស្រាល០៤នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តយីឌុបបុកជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងទិសដៅបញ្ច្រាស់គ្នា

កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបណ្តាលអោយមនុស្សស្លាប់ម្នាក់ និងរបួស៤នាក់ ដោយនៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្សចំនួន៥នាក់ តៃកុងរថយន្តម្នាក់(របួសស្រាល) គ្រូពេទ្យស្រីម្នាក់ (របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ២នាក់ (របួសធ្ងន់) និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។

បើតាមប្រភពព័ត៌មានពី សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងលើផ្លូវជាតិលេខ៧៣ ចំណុចគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាក់លេខក្រចេះ 3A-0892 បើកបរពីត្បូងទៅជើង (ខាងត្បូងឃ្មុំទៅក្រចេះ) ចំណែករថយន្តសង្គ្រោះមន្ទីរពេទ្យមានស្លាកលេខ រដ្ឋ១២- 2-0938 បើកបរពីជើងទៅត្បូង (ពីខេត្តរតនគរីទៅខេត្តត្បូងឃ្មុំ) ។

លោក បន្តថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យអ្នកជិះនៅលើរថយន្តពេទ្យស្លាប់ និងរបួស ធ្ងន់ ស្រាល មានចំនួន០៥នាក់ រួមមាន÷

១- ឈ្មោះ អ៊ន ប៊ុនឡេង អាយុ៥២ឆ្នាំរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ជាតៃកុងឡានពេទ្យ ( គ្មានរបួស) ២-ឈ្មោះ ម៉ូក ដា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់ពេលកំពង់បញ្ជូនទៅមន្ទីពេទ្យ) ៣- ឈ្មោះ ម៉ៅ សុភី ភេទស្រី អាយុ៣៧ឆ្នាំ ( អ្នកគ្រូពេទ្យរតនគីរី) (របួសធ្ងន់) ៤- ឈ្មោះ ដា ឧត្តម ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)៥- ឈ្មោះ ញឹប មុំ ភេទស្រី អាយុ ៤៥ឆ្នាំ នៅរតនគីរី (របួសធ្ងន់) និង៦- ឈ្មោះ ញេប ធីម ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ( របួសស្រាល)។

ចំពោះអ្នកបើកបររថយន្តធំ(ពុំស្គាល់អត្តសញ្ញាណ)ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ អ្នករបួសទាំង៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាល ទៅកាន់មន្ទីរពេទ្យ ដោយឡែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង ដើម្បីចាត់ការទៅតាមនីតិវិធី។

មូលហេតុដោយសារកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន។