ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អគាររដ្ឋបាលនានា ជុំវិញខេត្ត ជំហ៊ានទី៣
- Details
- Category: Provincial News
ត្បូងឃ្មុំ៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អាគាររដ្ឋបាលខេត្ត ជំហ៊ានទី៣ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមាន ការអញ្ជើញចូលរួមពី នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ -អង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។
ឯកឧត្តម ហាក់ សុខមករា មានប្រសាសន៍ថា៖ ខេត្តត្បូងឃ្មុំនាពេលនេះ បានដំណើរកាងារ អនុវត្តផែនការ ហេដ្ឋារចនាសម្ព័ន្ធ និងបានបង្កើតមន្ទីរ -អង្គភាពជុំវិញខេត្ត និងរៀបចំដំណើរការ កសាងអាគាររដ្ឋបាល សាលាខេត្ត និងកសាង អាគាររដ្ឋបាលមន្ទីរ -អង្គភាពជុំវិញខេត្ត ដើម្បីមានកន្លែងធ្វើការងារ របស់ខ្លួនជូនខេត្ត ប្រទេសជាតិ និងប្រជាជន។
ឯកឧត្តម បានបញ្ជាក់ដែរថា ៖ កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាកាងារ និងសិក្សាគំរោងប្លង់ សាងសង់អគាររដ្ឋបាល សាលាខេត្ត មន្ទីរ-អង្គភាព ហើយចំពោះការបង្កើតប្លង់ សាងសង់អគារកន្លែងធ្វើការ និងរៀបចំរដ្ឋបាល ប្រមូលផ្ដុំ ឲ្យត្រូវទៅតាមស្ថានភាព ទីកន្លែងធ្វើការ របស់មន្ទីរ អង្គភាព មានសារៈសំខាន់ណាស់ ។
ឯកឧត្តម ហាក់ សុខមករា បានផ្ដាំផ្ញើដល់មន្ទីរ អង្គភាព និងស្ថាប័ន ដែលមានសមាសភាព ពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ប្រមែប្រមូល ទិន្នន័យ ដើម្បីយកមក កសាងគំរូប្លង់ សាងសង់ អាគាររដ្ឋបាល ប្រមូលផ្ដុំ ខេត្តត្បូងឃ្មុំ ប្រកបដោយ ប្រសិទ្ធភាព និងកាន់តែ រីកចំរើនឡើង ។
សូមបញ្ជាក់ថា ៖ សាលាខេត្តត្បូងឃ្មុំ រៀបចំប្រកាស បើកការដ្ឋានសាងសង់ អាគារសាលាខេត្តត្បូងឃ្មុំ និងមន្ទីរ _អង្គភាព នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ ៕