Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅស្រុកមេមត់

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកមេមត់ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង

ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ នៅបរិវេណវត្តឧត្តុងមានជ័យ ហៅវត្តស្រែតានងលិច ស្ថិតនៅក្នុងឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០។

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ គឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងស្រុកមេមត់ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំណួរ សំណូមពរ មតិយោបល់ផ្ទាល់ខ្លួនអំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។

ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរចំនួន៧ ដើម្បីឱ្យក្រុមការងារធ្វើការឆ្លើយនឹងសំណួរ ហើយដោះស្រាយបញ្ហាដែលពួកគាត់បានជួបប្រទះ ដូចជា ៖១ . សាលារៀន ២.ផ្លូវថ្នល់ ៣. អគ្គិសនីសម្រាប់ប្រើប្រាស់ ៤.កុងត្រូលជជុះនៅតាមបន្ទាត់ព្រំដែន ៥.ដីដាំដំណាំនៅតាមព្រំដែន ៦.កសិផលដឹកយកទៅលក់នៅប្រទេសវៀតណាម និង៧.ទ្វារទឹក នឹងទំនប់ទឹក ឆ្លើយតបទៅនឹងសំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់ទិននឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវបានក្រុមការងារថ្នាក់ខេត្ត ពិសេសតាមមន្ទីរ/អង្គភាពជំនាញបានធ្វើការឆ្លើយបំភ្លឺផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម បន្តថារាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនាពេលនេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺមួយចំនួនរួច ហើយចំពោះបញ្ហានៅសល់មួយចំនួន ឯកឧត្តមនឹងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត ។

ឯកឧត្តម ស៊ាក ឡេង និង ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានស្នើរឱ្យមន្ត្រីនៅទូទាំងខេត្តទំាងអស់ ត្រូវយកចិត្តទុកដាក់លើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តន៍ទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត កាដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការចូលរួមពិភាក្សា លើកឡើងជាសំណួរ និងការដោះស្រាយចម្ងល់របស់ផ្នែកពាក់ព័ន្ធនានា ក្នុងន័យបម្រើតម្រូវការនិងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ៕