Social Network

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវដល់ប្រជាពលរដ្ឋ ថែរក្សាបឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត លក់បានប្រាក់មួយពេល តែទុកជួល និងបង្កបង្កើនផលបានចំណូលមួយជីវិត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សូមជួយថែរក្សា ទំនប់ ប្រឡាយ ពិសេសមិនត្រូវលក់ដីដាច់ខាត

ពីព្រោះការលក់ដីគឺយើងទទួលបានប្រាក់ត្រឹមមួយពេល តែបើយើងទុកជួល និងបង្កបង្កើនផល គឺយើងទទួលបានប្រាក់ចំណូលមួយជីវិត។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឳកាស ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ បឹង ប្រឡាយ និងទំនប់ទឹកមួយចំនួន ក្នុងឃុំចំនួន០៤ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីសិក្សាធ្វើយ៉ាងណារក្សា និងទាញយកប្រភពទឹកសម្រាប់ស្រោចស្រពដំណាំផ្សេងៗរបស់ប្រជាកសិករ នារដូវប្រាំង ដូចជាស្រូវ ពោត និងថ្នាំជក់ជាដើម ខណៈឆ្នាំនេះ បឹង និងប្រឡាយនានាបានគោករាក់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តបុកអណ្តូងស្នប់ ដើម្បីទាញយកទឹកមកប្រើប្រាស់ ។

រួមដំណើរនាឳកាសនោះពីសំណាក់ប្រតិភូក្រសួងរៀបចំដែនដី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកក្រូចឆ្មារ។

ជាមួយនឹងការចុះពិនិត្យនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជ្ញាធរ ភូមិ/ឃុំ សិក្សាឲ្យបានច្បាស់ថាត្រូវជីកប្រឡាយ ធ្វើទំនប់ បែបណាដើម្បីរក្សាទឹកបានច្រើនអាចប្រើប្រាស់គ្រប់គ្រាន់ តាមតំបន់នីមួយៗ ខណៈក្រុមការងារត្រៀមជានិច្ច ក្នុងការជួយតាមសំណូមពរ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៍បានដោះស្រាយបញ្ហាដីនៅតំបន់ជាប់បឹង ជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់យុទ្ធសាស្ត្រឈ្នះៗបានយ៉ាងល្អ និងបានលើកទឹកចិត្តជួយសម្រួលប្រជាពលរដ្ឋ ធានាជួយទិញគោ ដែលពលរដ្ឋចិញ្ចឹមបានផងដែរ។

សូមជម្រាបថា៖ ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ឲ្យក្រុមការងារចុះជួយអន្តរាគមន៍ស្តារប្រឡាយមួយចំនួន ដូចជាប្រឡាយវត្តគគីរ និងប្រឡាយទួលតាចក់, ដាក់ម៉ាស៊ីនបូមទឹកចំនួន២ ជួយបូមទឹកពីព្រែកចាមចូលប្រឡាយប្រវែង៤គីឡូម៉ែត្រ បម្រើប្រយោជន៍កសិករ៦ភូមិ លើផ្ទៃដីជាង២០០ហិកតា ។

គ្រោងជីកស្រះធំមួយនៅឃុំស្វាយឃ្លាំង បម្រើការស្រោចស្រពលើផ្ទៃដីច្រើនជាង ៣០០ ហិកតា ។ អន្តរាគមន៍ស្តារប្រឡាយអូឈ្លើង យកទឹកពីបឹងធំ ក្នុងឃុំរការខ្នុរ សម្រាប់ស្រោចស្រពដំណាំថ្នាំជក់ ពោត ប្រជាពលរដ្ឋចំនួន៥ភូមិ ។

ដោយឡែកនៅឃុំឈូកក្រុមការងារបានទាញយកទឹក សង្រ្គោះស្រូវនៅចំនុចឃ្លីវ និងបឹងកាដេរ តាមរយ:ការស្តាប្រឡាយទាញយកទឹកពីបឹងការដេដែលអាចស្រោចស្រពលើផ្ទៃដីច្រើនជាង ១៥០០ ហិកតា៕