Social Network

អនុមោទនា ពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះមធុរធម្មរង្សី វ៉ាន ដាវី (សុវណ្ណចន្ទត្ថេរោ)ព្រះអនុគណស្រុកត្បូងឃ្មុំ គម្រប់ ៥២ ព្រះវស្សា ឈានចូល ៥៣ ព្រះវស្សា

(ត្បូងឃ្មុំ) ៖ សូមអនុមោទនា ពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះមធុរធម្មរង្សី វ៉ាន ដាវី (សុវណ្ណចន្ទត្ថេរោ)ព្រះអនុគណស្រុកត្បូងឃ្មុំ គម្រប់ ៥២ ព្រះវស្សា ឈានចូល ៥៣ ព្រះវស្សា ផ្ដួចផ្ដើមឡើងដោយព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដោយបានមូលមតិគ្នាជាឯកច្ឆន្ទ ប្រារព្ធធ្វើពិធីបុណ្យចម្រើនព្រះជន្មនេះឡើង ដែលបានប្រព្រឹត្តទៅ នៅបរិវេន វត្តសិលារង្សី (ត្រពាំងថ្កូវ ហៅវត្តចាស់) នាថ្ងៃអាទិត្យ ២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការរស់នៅជាមួយគ្នា របស់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសង្គមខែ្មរ ក្នុងពិធីសាសនា នាពេលព្រឹក មានការប្រារព្ធធ្វើពិធីក្រុងពាលី លម្អរទៅដោយផ្កាភ្ញីចម្រុះពណ៌ គ្រឿងប្រដាប់សែនបួងសួង ថ្វាយដល់ ម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខសប្បាយ ធ្វើឲ្យដំណើរការប្រារព្ធកម្មវិធីប្រព្រឹត្តទៅដោយរលូន ។

តមក ក៏មានការនិមន្តអញ្ជើញចូលរួមសម្តែងធម៌ប្រោះព្រំ ពីសំណាក់ ព្រះសមាធិធម្ម យិត សុខា ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះព្រហ្មចរិយញាណ ព្រះមេគណខេត្តត្បូងឃ្មុំ និងព្រះមន្រ្តីសង្ឃ ចៅអធិការវត្ត និងព្រះសង្ឃ ក្នុងស្រុកត្បូងឃ្មុំ និងមានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវមហាឧបាសិកា គឹង ចាន់ឌី គន់គីម ឧត្តមភរិយា ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ព្រមទាំងញាតិព្រះធម៌ និងប្រជាពុទ្ធបរិស័ទចំណុះជើង យ៉ាងច្រើនកុះករ។

បន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន ១១៧អង្គ ក្នុងឱកាសនោះដែរ ដោយមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា ញាតិព្រះធម៌ ព្រមទាំងពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយ បានវេរប្រគេន ចង្ហាន់ មានជាទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ សម្រាប់រាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ បុព្វការីជន ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានរំលាយក្ខន្ធ ទៅកាន់លោកខាងមុខ សូមដួងវិញ្ញាណក្ខន្ធលោកទាំងនោះ បានទៅកាន់បរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

តមក នារសៀល ថ្ងៃខែឆ្នាំដដែល ឯកឧត្តម វង សូត អញ្ជើញក្នុងពិធីស្រោចស្រពសុគន្ធវារី បុណ្យចម្រើនព្រះជន្ម និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ និងគម្រប់ ១០ឆ្នាំ នៃការកកើតវត្តសិលារង្សី (ហៅវត្តត្រពាំងថ្កូវ ឬវត្តចាស់) ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ មានមហាសទ្ធាជ្រះថ្លាក្រៃលែង បានប្រគេនបច្ច័យក្នុងពិធីបុណ្យនេះ មានបច្ច័យចំនួនដប់ប្រាំលានរៀល (១៥,០០០,០០០) រៀល ទឹកក្រូច ១៥ កេះ ទឹកបរិសុទ្ធ ១៥ កេះ និងអាកុល ១៥ កេះ ប្រគេនបច្ច័យមេគណខេត្ត ៥០ម៉ឺនរៀល អនុគណស្រុក ៥០ម៉ឺនរៀល ព្រះសង្ឃ៧អង្គក្នុង១អង្គៗបច្ច័យ២០ម៉ឺនរៀល យាយជី តាជី៦០នាក់ ក្នុងម្នាក់ថវិកា២ម៉ឺនរៀល។

ព្រះមធុរធម្មរង្សី វ៉ាន ដាវី ព្រះគ្រូអនុគណស្រុកត្បូងឃ្មុំ ជាព្រះចៅអធិការវត្ត បានចម្រើនពរ គោរពជូនពរដល់ ឯកឧត្តម វង សូត និងលោកជំទាវ បុត្រាបុត្រី និងសហការី ទាំងអស់ បានជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយព្រះពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕