Social Network

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះពិនិត្យនិងធ្វើការផ្តល់ជូននៅគ្រឿងឧបភោគបរិភោគ និងថវិការជូនកងកម្លាំងចម្រុះឈរជើងការពារតំបន់ដីព្រៃលិចទឹកទាំង៤ទីតាំងក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាំយក គ្រឿង ឧបភោគបរិភោគ សម្ភារៈ ប្រើប្រាស់ ជូនដល់កងកម្លាំងដែលឈរជើង ការពារតំបន់ព្រៃលិចទឹក ចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅទីតាំងតំបន់ ក្របីក្រៀក ស្ថិតនៅភូមិក្របីកៀក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញខេត្ត ទីចាត់ការជំនាញ នៃរដ្ឋបាលខេត្ត អភិបាល អភិបាលរង ស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តត្បូងឃ្មុំ តែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនជាកងកម្លាំងចម្រុះដែលប្រចាំការនៅតំបន់ការពារព្រៃលិចទឹកទាំង៤ទីតាំងនេះ ហើយយើងនិងខិតខំជួយឧបត្ថមទំនុកបម្រុងបន្ថែមទៀតដល់បងប្អូនកងកម្លាំង ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនយើងដែលខិតខំលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងការ ការពារ អភិរក្សតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រសុ្រកក្រូចឆ្មារ ខេត្តត្បូងឃ្មុំយើង គឺធ្វើយ៉ាងណាក៏ដោយរក្សាឱ្យបាននៅការ ការពារថែរក្សាធនធានធម្មជាតិមួយនេះ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តសង្កត់ធ្ងន់ចំៗថា ប្រសិនបើមានបុគ្គលណាហ៊ានចូលទន្ទ្រាននៅតំបន់ការពារទាំងនេះត្រូវធ្វើការអនុវត្តច្បាប់ដោយគ្មានការលើកលែងឡើយ ហើយនេះគឺជាគោលការណ៍ដែលរដ្ឋបាលខេត្តត្បូងឃ្មុំយើង ក្នុងការអនុវត្តដើម្បីរក្សាការពារឱ្យបាននៅធនធានចម្រុះក្នុងតំបន់ព្រៃលិចទឹកនេះ ព្រោះធនធានទាំងនេះជាធនធានដែលមិនអាចកើតឡើងវិញបានទេ ដូចនេះយើងត្រូវថែរក្សាឱ្យបាន។

ជាចុងក្រោយ ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការស្នើសុំឱ្យកងកម្លាំងចម្រុះទាំងអស់ដែលស្ថិតក្នុងទីតាំងឈជើងការពារ ត្រូវធ្វើការចុះល្បាតជាប្រចាំ និងធ្វើការរាយការណ៍រាល់សកម្មភាពផ្សេងៗដែលជាបញ្ហាដើម្បីឱ្យរដ្ឋបាលខេត្ត បានទទួលព័ត៌មាននិងធ្វើការចុះពិនិត្យពីបញ្ហាជាក់ស្តែងនិងងាយស្រួលក្នុងការដោះស្រាយ។

គួរបញ្ជាក់ផងដែរថា៖ ចាប់តាំងពីអាណត្តិមុនដែលរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម បណ្ឌិត ជាមច័ន្ទសោភ័ណ អតីតអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការដាក់ចេញនៅវិធានការការពារ និងអភិរក្សតំបន់ព្រៃលិចទឹកទាំង៤ទីតាំងក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ហើយបានធ្វើការចាត់វិធានការយ៉ាងក្តៅគគុកលើជនដែលពាក់ព័ន្ធក្នុងការឈូសឆាយទន្ទ្រានព្រៃលិចទឹកនេះ ហើយរហូតមកដល់ពេលនេះរដ្ឋបាលខេត្តត្បូងឃ្មុំគឺនៅតែបន្តធ្វើការអនុវត្តនៅគោលការណ៍ វិធានការនេះដោយមិនដកដៃឡើយ៕