ត្បូងឃ្មុំ ៖ ដើម្បីអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤) នាពេលខាងមុខនេះ ក៏ដូចជាដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយ និវត្តន៍ជន អាវុធហត្ថមានជម្ងឺ គ្រួសារអាវុធហត្ថពលី-មរណៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងនាំយកកៅស៊ូភ្លៀង ដែលជា អំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនផងដែរ ។
មានប្រសាសន៍ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានលើកឡើងថា ក្នុងនាមយើងជាអ្នកជំនាន់ក្រោយត្រូវតែយកចិត្ត ទុកដាក់ខ្ពស់បំផុតចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ជាពិសេស និវត្តន៍ជន អាវុធហត្ថមានជម្ងឺ ព្រមទាំងគ្រួសារអាវុធហត្ថពលី-មរណៈ ដោយមិនត្រូវទុកឲ្យ ពួកគាត់រស់នៅឯកកោ ដោយមិនបានយកចិត្តទុកដាក់នោះទេ ។
លោក បន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ណែត ជានាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានយកចិត្តយ៉ាងខ្លាំងលើការរស់នៅរបស់នាយទាហាន នាយទាហានរង ជាពិសេស និវត្តន៍ជន អាវុធហត្ថមានជម្ងឺ ព្រមទាំងគ្រួសារអាវុធហត្ថពលី-មរណៈ ។
ជាមួយការសំណេះសំណាល និងសួរសុខទុកនេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ទៅប្រគល់ជូន និវត្តន៍ជន អាវុធហត្ថមានជម្ងឺ ដោយក្នុងនោះមានគ្រឿងឧបភោគបរិភោគ រួមទាំងថវិការកំដរដៃមួយចំនួន ផងដែរ ។
ជាមួយការយកចិត្តទុកដាក់ និងលើកទឹកចិត្តខាងលើនេះ មន្ត្រីកងរាជអាវុធហត្ថចូលនិវត្តន៍ និងមន្ត្រីដែលកំពុងមានជំងឺបានលើកឡើង ប្រហាក់ប្រហែលគ្នាថា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ឃើញថាប្រទេសជាតិមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងនោះការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ពិសេសក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនេះតែម្តង ។
មន្រ្តីជំនាន់ក្រោយគឺពិតជាសសរទ្រូងប្រទេសជាតិ ដែលមានទាំងចំណេះដឹង និងចំណេះធ្វើដ៏មានគុណភាព និងគុណធម៌យ៉ាងល្អឥតខ្ចោះ ក្នុងការងារថែរក្សាសន្តិសុខជូនប្រជាជន និងប្រទេសេជាតិ ក្នុងនោះគឺមិនភ្លេចទេ មន្ត្រីចាស់ៗ ដែលចូលនិវត្ត គ្រួសារមន្ត្រីដែល ពលី មរណៈ ។
..........សម្ភាសន៍...... នៅថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏បានជួបសំណេះសំណាល និងផ្តាំផ្ញើរដល់មន្ត្រី កងរាជអាវុធហត្ថដែលត្រូវបំពេញ ភារៈកិច្ចចូលរួមឈរផែន ក្នុងពិធី អបអសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤) និងពិធីបើកការដ្ឋានសាងសង់សាលមហោស្រប គោកធ្លក នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងចែកមួកប៉េរ៉េត៌ខៀវ និងអាវយឺតត្រេអុី ដែលជាអំណោយ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានផ្ដាំផ្ញើថា ក្នុងនាមជានាយទាហានកងរាជអាវុធហត្ថគឺត្រូវតែមានវិន័យល្អ មិនត្រូវពាក់ព័ន្ធជាមួយអំពើខុសច្បាប់ណាមួយដាច់ខាត បើសិនរកឃើញថាមានពាក់ព័ន្ធ និងទទួលពិន័យ មិនលើកលែងដាច់ខាត ។
ចប់ប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកថវិកា គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនដល់និវត្តន៍ជន អាវុធហត្ថមានជម្ងឺ ព្រមទាំងគ្រួសារអាវុធហត្ថពលី-មរណៈ សរុបចំនួន ១២នាក់ ក្នុងនោះទទួលបាន ៖ អង្ករ១២បេ ភេសជ្ជៈ ១២កេស ទឹកសុទ្ធ ១២កេស មី ១២កេស ត្រីខ១២យួ ទឹកត្រី ១២យួ ទឹកស៊ីអ៉ីវ ១២យួ និងថវិកាចំនួន ៩.៧២៤.០០០៛៕