(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវស្ត្រាចារ្យជំនួយ គឺម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានដឹកនាំប្រតិភូថ្នាក់ជាតិ ក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក ប្រជុំពិភាក្សា និងវាយតម្លៃការអនុវត្តន៍គ្លីនិក របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ឯកឧត្តមវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ លោក-លោកស្រី ជាប្រធាន/អនុប្រធាន មន្ទីរពេទ្យបង្អែកតាមបណ្តាក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងពីរបាយការណ៍ វឌ្ឍនភាព របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដោយបាន បង្ហាញថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាមន្ទីរពេទ្យ ដែលបានបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងចុងក្រោយបង្អស់ ដែលជាជំនួយរបស់ភាគីចិន តាមរយៈរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងយកចិត្តទុកដាក់លើវិស័យសុខាភិបាល ជាពិសេសកិច្ចទំនាក់ទំនងជាមួយអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាបង្កើតឱកាសកម្មសិក្សាការងារផ្នែកបច្ចេកទេសសុខាភិបាលផងដែរ។
មួយវិញនោះ ឯកឧត្តមវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យ បានគូសបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ យើងក៏មានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន មិនត្រឹមតែដៃគូបរទេសប៉ុណ្ណោះទេ យើងក៏មានការសហការជាមួយអង្គការ KHANA-ICARS និងអង្គការសាសនាចក្រ និងភាគីដទៃទៀត ដែលតែងផ្តល់ជាឧបករណ៍បច្ចេកទេស ព្រមទាំងការផ្តល់នៅវគ្គបំប៉ន ដល់បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យផងដែរ។
ក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យជំនួយ គឺម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងការអភិវឌ្ឍន៍យ៉ាងប្រសើរ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដោយបានបម្រើរសេវាសុខាភិបាលថ្នាក់ខេត្តបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ លោកជំទាវសាស្ត្រាចារ្យ ព្រមជាមួយសហការីបច្ចេកទេស ក៏បានចុះត្រួតពិនិត្យលើការបម្រើសេវាសម្ភព ការគាំពារមាតា និងទារក ព្រមទាំងមានការធ្វើបទបង្ហាញ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជូនដល់គណប្រតិភូ ប្រកបដោយភាពស្និតស្នាល ផងដែរ៕