Social Network

ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម លី ឡេង បានប្រគេនព្រះភ្លើងបូជាព្រះសពលោកគ្រូធម្មបញ្ញោ គុយ អ៊ាម គ្រូចៅ អធិការវត្តសន្តិវង្សារាម ហៅវត្តផ្សារថ្មី ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាល ខេត្តត្បូងឃ្មុំ បានប្រគេនព្រះភ្លើង បូជាព្រះសព លោកគ្រូធម្មបញ្ញោ គុយ អ៊ាម គ្រូចៅអធិការ វត្តសន្តិវង្សារាម ហៅវត្តផ្សារថ្មី ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ។

នាឱកាសនោះដែរ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលខេត្ត បានសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំ រន្ធត់ ក្ដុកក្ដួល អាឡោះអាល័យ សោកស្ដាយយ៉ាងក្រៃលែង រួមជាមួយព្រះសង្ឃ សាច់សាលោហិត នៃព្រះសពលោកគ្រូធម្មបញ្ញោ គុយ អ៊ាម គ្រូចៅអធិការវត្តសន្តិវង្សារាម ហៅវត្តផ្សារថ្មី ដែរបានសុគត់នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្នាយុ៦៩ឆ្នាំ ដែរបានប្រារព្ធពិធីតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោយពីបានតម្កល់ព្រះសព ធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល់ជូនដល់វិញ្ញាណក្ខន្ធ នៃព្រះសពអស់រយៈពេលពីរយប់បីថ្ងៃកន្លងមក។

ឯកឧត្តម បន្តថា ៖ ការទទួលអនិច្ចធម្មរបស់លោកគ្រូធម្មបញ្ញោ គុយ អ៊ាម គឺជាការបាត់បងព្រះសង្ឃជាទីស្រឡាញ់ និងប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ កម្ររកបាន ដែលក្នុងមួយជីវិតរបស់លោកគ្រូចៅអធិការ បានបំពេញនូវតួនាទី ក្នុងនាមជាថ្នាក់ដឹកនាំវត្តសន្តិវង្សាររាម ហៅវត្តផ្សារថ្មី អស់រយៈពេល៨វស្សា គឺចាប់ពីឆ្នាំ២០១០ ជាគ្រូចៅអធិការស្ដីទី រហូតមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ទើបទទួលប្រកាសនីយបត្រតែងតាំងជាគ្រូចៅអធិការវត្តពេញសិទ្ធិ ដោយព្រះសង្ឃនាយក និងក្រសួងធម្មការ និងសាសនា ផងដែរ ។

សូមបញ្ជាក់ថា ៖ លោកគ្រូធម្មបញ្ញោ គុយ អ៊ាម ព្រះចៅអធិការវត្តផ្សារថ្មី បានសុគត់នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ក្នុងជម្មាយុ ៦៥ឆ្នាំ នឹងត្រូវបានរៀបចំពិធីប្រគេនព្រះភ្លើង បូជាព្រះសព នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ៕