Social Network

អភិបាលរងខេត្តត្បូងឃ្មុំ៖ លោកគ្រូអ្នកគ្រូ គឺជាមាតាបិតាទី២ របស់យើងទាំងអស់គ្នា សុខចិត្តលះបង់ពេលវេលាដ៍មានតម្លៃ ដើម្បីបណ្តុះបណ្តាលថ្នាលធនធានមនុស្ស ដែលនេះគឺជាតម្លៃឆន្ទះដ៍មុះម៉ុតរបស់ពួកគាត់

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ ថ្លែងកោតសរសើរបែបនេះ ក្នុងឳកាសដែលលោក អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូ ប្រមាណ២០០នាក់ រួមជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ នៅសាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។


ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងថា ប្រទេសជាតិមួយអាចមានការអភិវឌ្ឍន៍ រីកចម្រើនលូតលាស់ទៅបាន អាស្រ័យលើធនធានមនុស្ស ដែលជាកត្តាសំខាន់ណាស់ ក្នុងចំណោមកត្តាដ៍ទៃទៀត សូម្បីតែរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៣ សម្តេចតេជោ បានចាត់ជាកត្តាអទិភាពនោះគឺ ផ្លូវ ទឹក ភ្លើង ធនធានមនុស្ស ប៉ុន្តែក្រោយមក សម្តេចបានផ្តូរយុទ្ធសាស្ត្រនេះឡើងវិញ ដោយកត្តាទី១ចំបងគឺ ធនធានមនុស្ស បន្ទាប់មកគឺ ផ្លូវ ទឹក ភ្លើង ។ដែលនេះបញ្ជាក់បានថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតសំខាន់ខ្លាំងណាស់ ទៅលើថ្នាលបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំនេះ ។

ឯកឧត្តមបណ្ឌិត បន្ថែមថា រដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល ព្រមទាំងប្រជាពលរដ្ឋជិត១លាននាក់ ក្នុងខេត្តត្បូងឃ្មុំនេះ គឺពឹងផ្អែកទៅលើលោកគ្រូ អ្នកគ្រូហើយ ជាពិសេសដែលមានវត្តមានជិត២០០នាក់ នាពេលនេះ ។ដោយ លោក សង្ឃឹមថា លោកគ្រូអ្នកគ្រូ នឹងមិនអោយរដ្ឋបាលខេត្ត ក៍ដូចជាអ្នកដែលរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស អស់សង្ឃឹមនោះទេ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងជំរុញដល់ លោកគ្រូអ្នកគ្រូមេត្តា សូមជួយធ្វើយ៉ាងណាកុំអោយសិស្សបោះបង់ចោលការសិក្សា ពីព្រោះការសិក្សានេះសំខាន់ណាស់ សម្រាប់ជួយដល់អនាគត និងកម្រិតជីវភាពរបស់ពួកគាត់។ បើសិនគាត់ជាប់រឺធ្លាក់ទី៩ គាត់អានក្លាយជាកម្មករជំនាញ សិក្សាតាមមន្ទីរជំនាញផ្សេងៗ ហើយបើសិនធ្លាក់ទី១២ គាត់អាចក្លាយជានិស្សិត រៀនថ្នាក់បរិញ្ញាបត្ររងបន្ត។ដូចនេះកម្មការជំនាញ រឺកម្រិតបរិញ្ញាបត្ររង ជាស្ពានអាចជួយផ្តល់លទ្ធភាពដល់ពួកគាត់ មានប្រាក់បៀវត្សខ្ពស់ជាង កម្មករដែលប្រើកម្លាំងសុទ្ធសាធនោះដែរ។

លោកក៍បានស្នើរសុំអោយលោកគ្រូអ្នកគ្រូ មេត្តាបញ្ចេញនូវសមត្ថភាព ទេពកោសល្យអោយអស់ ដើម្បីជាសារមួយសំខាន់ណាស់ ជូនទៅដល់សិស្សានុសិស្ស ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាពិសេស លោក សំណូមពរដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ជួយជំរុញបន្ថែមទាំងអស់គ្នា ទៅការសិក្សាអប់រំ របស់សិស្សានុសិស្ស ទាំងនៅសាលា និងនៅផ្ទះ ដើម្បីរួមគ្នាជាមួយសម្តេចតេជោ ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា អោយថ្នាលបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា កាន់តែខ្លាំងក្លា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលនេះជាមោទនៈសម្រាប់សិស្សានុសិស្សផ្ទាល់ មាតាបិតាអាណាព្យបាល និងសង្គមកម្ពុជាទាំងមូល សម្រាប់ការអភិវឌ្ឃន៍ប្រទេសជាតិទាំងនៅបច្ចុប្បន្ន និងសង្គមជាតិ ៕ ដោយ៖ វ៉ាន់ វីរៈ