ក្រសួងសាធារណការបានអះអាងថាពុំមានអ្នកលួចកាត់ដែកក្រោមស្ពាន ឬដៃស្ពាន ដូចបណ្តាញសង្គមលើកឡើងនោះឡើយ
- Details
- Category: Provincial News
បន្ទាប់ពីចុះពិនិត្យល្អិតល្អន់ នៅលើស្ពានប៉ាឡេដែលជាកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ រួចមក មន្រ្តីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន OCIC បានបញ្ជាក់យ៉ាងច្បាស់ថា ពុំមានអ្នកលួចកាត់ដែកក្រោមស្ពាន ឬដៃស្ពាន ដូចបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនលើកឡើងនោះទេ។
នេះបើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ។ មន្រ្តីក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន OCIC បានអះអាងថា ក្រោយចុះពិនិត្យឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែក ដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋាន ក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញប៉ុណ្ណោះ។ ចំពោះដែកប៉ាឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។
មន្រ្តីក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន OCIC ដែលសាងសង់ស្ពាននេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ហើយអះអាងថា ស្ពាននេះគឺអាចធ្វើចរាចរឆ្លងកាត់ជាធម្មតា៕