Social Network

ស្រូវផ្ការំដួល ដែលមានក្លិនក្រអូប ឈ្ងុយ រស់ជាតិឆ្ងាញ់ ចាប់ផ្តើមប្រមូលផលហើយនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

បន្ទាប់ក ពូជស្រូវ និងពូជបន្លែ ដល់ប្រជាកសិកររងគ្រោះ ដោយជំនន់ ទឹកទន្លេមេគង្គ នៅឃុំមៀន ស្រុក អូររាំងឪ រួចមក ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញចុះពិនិត្ យការប្រមូលផល ស្រូវផ្ការំដួល ដែលមានក្លិនក្រអូប ឈ្ងុយ រស់ជាតិឆ្ងាញ់ របស់ប្រជាកសិករនៅភូមិទួលសុពណ៌ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

នាឱកាសនោះ ឯកឧត្តម លី ឡេង ក៏បានសំណេះសំណាល និងសាកសួរសុខទុក ជាមួយបងប្អូន ប្រជាកសិករ នៅភូមិទួលសុពណ៌ ឃុំទួលសុភី យ៉ាងសប្បាយរីករាយ ដែលកំពុងប្រមូលផល ស្រូវផ្ការំដួល បានទិន្នផលខ្ពស់ គួរទីគាប់ចិត្ត ។

ក្នុងទឹកមុខសប្បាយ រីករាយក្នុងការ ប្រមូលផលស្រូវ របស់បងប្អូន ប្រជាកសិករនៅ ភូមិទួលសុពណ៌ បានប្រាប់ឲ្យដឹងថា ឆ្នាំនេះ ពូជស្រូវផ្ការំដួល ក្នុងភូមិសាស្ត្រស្រុកអូររាំងឪ មានការលូតលាស់ល្អ ទោះបីជួបភាពរាំងស្ងួត មួយរយៈពេលខ្លីក្តី។ តាមការប៉ាន់ស្មានទិន្នផលស្រូវដែលកំពុងច្រូតនាពេលនេះ ប្រមាណ៣,៨៤តោន ក្នុង១ហិចតា ហើយតម្លៃក៏ល្អដែលតម្លៃស្រូវសើម អាចលក់បាន ១.២៣០រៀល/គ.ក្រផងដែរ។

បើតាមរបាយការណ៍ របស់ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ៖ ស្រូវផ្ការំដួល ក្នុងស្រុកអូររាំងឪ មានលក្ខណៈពិសេស ក្លិនក្រអូប ឈ្ងុយ ឆ្ងាញ់ គ្រាប់អង្កររលូន បាយទន់ល្អ គួរជាទីពេញចិត្ត។ បើគិតត្រឹមថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ការបង្កបង្កើនផលស្រូវរដូវប្រាំងទូទាំងខេត្តត្បូងឃ្មុំ បានអនុវត្តការភ្ជួររាស់បាន១.២០៥ហ.ត ស្មើនឹង១១,៤៨%នៃផែនការដាំដុះ(១០.៥០០ហត) និងដាំដុះបាន ៨៨៥ហត(សន្ទូង ៤០ហ.ត ព្រោះ៨៤៥ហត ) ស្មើនឹង៨,៤៣%នៃផែនការដាំដុះ និងសំណាប ២៨ហ.ត។

ដោយឡែក ដំណាំឧស្សាហកម្ម និងដំណាំរួម ផ្សំរដូវប្រាំង អនុវត្តការភ្ជួររាស់បាន ៦៥៥ហ.ត ស្មើនឹង៦,៨៨ %នៃផែនការដាំដុះ (៩ ៥២០ហត) និងដាំដុះបាន ៣៨០ហ.តស្មើនឹង ៣,៩៩% នៃផែនការដាំដុះ។ លោក បន្តថា ៖ ការប្រមូលផលស្រូវ រដូវវស្សាបាន ៣.៤៩៥ហ.ត ស្មើនឹង ៤,៤៥% នៃផ្ទៃដីបានដាំដុះសរុប (៧៨.៥០០ហត) ក្នុងនោះ ស្រូវបង្កើនរដូវ ៣.០៤៥ហត ស្មើនឹង១០០% ស្រូវស្រាលធម្មតា ២០៥ហ.ត ស្មើនឹង ២,៩៤% ស្រូវកណ្តាល(ស្រូវផ្ការំដួល) ២៤០ហត ស្មើនឹង ០,៦៤% ការប្រមូលផលដំណាំ ឧស្សាហកម្ម និងដំណាំរួមផ្សំរដូវវស្សាបាន ៩.៧០០ហ.ត ស្មើនឹង ១៥,០៧% នៃផ្ទៃដីបានដាំដុះ (៦២.៨៦០ហ.ត)។