Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល និងនគរបាល ក្រោយបញ្ចប់ការត្រួតពិនិត្យស្រាវជ្រាវឯកសារពាក់ព័ន្ធ!

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទ ការងារអធិការកិច្ច កិច្ចការរដ្ឋបាល និងនគរបាលនៅខេត្តត្បូងឃ្មុំ ក្រោងអធិបតីភាព ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក/ក្រុង មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ។

ក្រោយពីបានស្តាប់ នូវរបាយការណ៍ ក៏ដូចជាលទ្ធផល ការងារអធិការ កិច្ចនៅរដ្ឋបាល ខេត្តត្បូងឃ្មុំរួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ចំពោះក្រសួងមហាផ្ទៃ ពិសេសក្រុមការងារ ចុះធ្វើអធិការកិច្ច នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានគិតគួរ យកចិត្តទុកដាក់ក្នុង ការកំណត់គោលដៅ ធ្វើការសម្ភាសន៍ ប្រមូលព័ត៌មាន និងត្រួតពិនិត្យ ស្រាវជ្រាវ ឯកសារពាក់ព័ន្ធ ដើម្បីបាន ជាមូលដ្ឋានគ្រឹះ សម្រាប់ផ្ទៀងផ្ទាត់ លទ្ធផលការងារ ជាក់ស្តែង និងជម្រុញ ប្រសិទ្ធភាព ការងារ បង្កើនការទទួល ខុសត្រូវរបស់ មន្ត្រីរាជការស៊ីវិល និងនគរបាល នៅរដ្ឋបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលក្រោមឱវាទ ឲ្យកាន់តែល្អប្រសើរ សំដៅធានាដល់ ដំណើរការកំណែទម្រង់រដ្ឋ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។

ថ្លែងក្នុង ឱកាសនោះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកសរសើរដល់ នគរបាល និងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការខិតខំប្រឹងប្រែង បំពេញភារកិច្ចការងារ ដែលថ្នាក់ដឹកនាំ ក្រសួងបានប្រគល់ ជូនទទួលបាន នូវចំណុចវិជ្ជមានជាច្រើន ។ ទន្ទឹមនោះក្រុមការងារ ក៏បានរកឃើញនូវ ចំណុចអវិជ្ជមាន មួយចំនួន ដែលទាមទារ ឲ្យរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពនគរបាល និងអង្គភាព ពន្ធនាគារ ដែលជាគោលដៅ អធិការកិច្ចចាំបាច់ត្រូវ ធ្វើការកែសម្រួល លើចំណុចទាំងនោះ ដែលបានដាក់ ជូននៅក្នុងសេចក្តី ជូនដំណឹង របស់ក្រសួងមហាផ្ទៃ និងជាឱកាស ក្នុងការកែលម្អ និងពង្រឹងប្រព័ន្ធ នៃការបំពេញការងារ ក៏ដូចជាការលើក កម្ពស់ប្រសិទ្ធភាព នៃការអនុវត្ត តួនាទី ភារកិច្ច ឲ្យកាន់តែមាន ភាពល្អប្រសើរ ក្នុងនាមជា មន្ត្រីរាជការ និងជាអ្នកបម្រើ សេវាសាធារណៈ ដើម្បីពង្រឹង និងបង្កើន សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ផ្ទៃក្នុងល្អរវាង មន្ត្រីរាជការ អង្គភាពជុំវិញខេត្ត និងជាពិសេស ជំនឿជឿជាក់ ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ទូទៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ហើយត្រូវ ពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹង របស់មន្ត្រី ដើម្បីធានា បាននូវប្រព័ន្ធ អភិបាលកិច្ចល្អមួយ សំដៅកែលម្អ ឥរិយាបទនៃ ការបំពេញការងារ ក្នុងនាមជាអ្នកផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព សុច្ចរិតភាព  គណនេយ្យភាព និងភាពឆ្លើយតប ។

ក្នុងនោះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានប្រគល់នូវ សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ជូន ឯកឧត្តម ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អភិបាលនៃ គណៈអភិបាលខេត្ត លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងម្នាក់មួយច្បាប់ ដើម្បីជាទន់សម្រាប់អនុវត្ត និងគ្រប់គ្រងក្នុងដែន សមត្ថកិច្ច របស់ខ្លួនឲ្យកាន់ តែមានប្រសិទ្ធភាព ថែមទៀតផងដែរ ៕