Social Network

មិននឹកស្មានសោះ​ប្រុស​ស្រី​3នាក់​នេះនាំ​គ្នាសម្ងំ​ធ្វើ​នេះនោះ​ក្នុង​បន្ទប់​ជួល

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ឆ្មក់បង្ក្រាបបន្ទប់ជួលមួយកន្លែងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន3នាក់កំពុងប្រមូលផ្តុំគ្នាសម្ងំសេពគ្រឿងញៀនដកហូតបានថ្នាំញៀនមួយចំនួននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់សាកសួរនាំ ដែលហេតុការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង7និង30នាទីយប់ថ្ងៃទី13 ខែឧសភា នៅចំណុចផ្ទះលេខE3 នៅបន្ទប់ជួលជាន់ទី3 បន្ទប់លេខB 06 ក្រុម47 ភូមិ9 ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ឃាត់ខ្លួនបានមនុស្សប្រុសស្រីសម្ងំប្រើប្រាស់ និងជួញដូរសារធាតុញៀនបានចំនួន3នាក់រួមមាន ទី1-ឈ្មោះ ប៉ាន់ មុន្នីរ័ត្ន ហៅពន្លក ភេទប្រុស អាយុ33ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ជាអ្នកជួញដូរ និងប្រើប្រាស់សារធាតុញៀន, ទី2-ឈ្មោះ តាន់ សុវណ្ណារ័ត្ន ហៅ អាទី ភេទប្រុស អាយុ35ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មុខរបរអ្នកបើកបររថយន្តចាប់ហួយបោះដុំ និងជាអ្នកជួញដូរប្រើប្រាស់សារធាតុញៀន និងទី3-ឈ្មោះ ហួត លីណា ហៅយ៉ា ភេទស្រី អាយុ22ឆ្នាំ មុខរបរបំរើការងារនៅខារ៉ាអូខេ ស្នាក់នៅភូមិថ្នគោល សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាចំនួន4ថង់(ថង់តូច2 ថង់ធំ2) ម៉ាទឹកកកម្សៅសថ្លា1ថង់ ម្សៅK ក្រដាសអាលុយមីញ៉ូម1ដុំ និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយឈុត ម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ប្រផេះ ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ហួត លីណា ។

ក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានដាក់កម្លាំងតាមដានមុខសញ្ញាខាងលើយ៉ាងយូររហូតដល់កំណត់មុខសញ្ញាបានថា មានមនុស្សប្រុសស្រីកំពុងប្រមូលផ្តុំគ្នាសេពគ្រឿងញៀននៅផ្ទះកើតហេតុខាងលើក៏ដាក់កម្លាំងឆ្មក់ចូលបង្ក្រាបបានជាក់ស្ដែងតែម្តង និងដកហូតបានវត្ថុតាងសារធាតុញៀនយ៉ាងច្រើនយកមកកាន់ប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេសាក់ ។

ក្រោយកើតហេតុជនសង្ស័យទាំងបីត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព