Social Network

ការងារ​សុចរិត​មាន​ច្រើន​ណាស់​ម៉េច​មិន​ធ្វើ បែរជា​ធ្វើ​រឿង​ចឹ​ង​ទៅ​វិញ

ខេត្តប៉ៃលិន ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានករណីលួចម៉ូតូមួយលើក នៅចំណុចភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ។

សេចក្តីរាយការណ៍បានបន្តថា លោកអធិការនគរបាលក្រុងប៉ៃលិនបានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខាធ្វើការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាបានទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតបានម៉ូតូដែលបាត់១គ្រឿង នៅវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃខែឆ្នាំដដែល នៅចំណុចរោងចំការស្វាយ ផ្លូវចូលទៅចំណុចទួលរំដេង ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកយ៉ែម សារិទ្ធិ អធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ តុប ម៉ាប់ហៅរ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពបន្តទៀតថា បច្ចុប្បន្នកម្លាំងផ្នែកជំនាញកំពុងធ្វើការសាកសួរបន្ថែម ដើម្បីរៀបចំសំនុំរឿងបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធីច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់

ដកស្រង់ពី៖កោះសន្តិភាព