Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះ​ឡាន​​​តម្លៃ​ខ្ទង់សែន​ដុល្លារ​ក្តី…15​គ្រឿង​​ដុត​បំផ្លាញ​ចោល​ខ្ទេច

  • Print

ខេត្តស្ទឹងត្រែង-ក្រចេះ ៖ រថយន្តប្រភេទធុនធ្ងន់(បាកុង)ចំនួន៦គ្រឿង ដែលជាមធ្យោបាយបម្រើឱ្យបទ ល្មើសព្រៃឈើត្រូវបានដុតបំផ្លាញចោល នៅក្បែរផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី១៤ កក្កដា ។

នេះជាលើកទីមួយហើយ ដែលមានការដុតបំផ្លាញចោលរថយន្តដែលមានតម្លៃខ្ទង់សែនដុល្លារទាំងនេះ គឺធ្វើឡើងបន្ទាប់ពីខេត្តចំនួនពីរផ្សេងទៀត ក៏មានការដុតកម្ទេចចោលដែរ ដូច្នេះគឺមានខេត្តចំនួនបីហើយ នៅតំបន់ខ្ពង់រាប ក្នុងនោះមានខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។

ស្ថិតនៅទីតាំងកម្ទេចរថយន្តឆ្អឹងសម្បូរដោយដែកនោះ មានវត្តមានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹង ត្រែង ដឹកនាំដោយលោក ឈាត វាសនា មេបញ្ជាការស្តីទីនិងលោក ដួង វិចិត្រ មេញ្ជាការរងទទួលការងារសន្តិសុខនិងបង្ក្រាបបទល្មើសព្រៃឈើ លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលសាលាខេត្តតំណាងឱ្យលោកអភិបាលខេត្ត និងអាជ្ញាធរថ្នាក់ភូមិឃុំផងដែរ ។

បើតាមការឱ្យដឹងពីដើមចម ដែលនាំដល់ការដុតបំផ្លាញចោលរថយន្តខាងលើនេះ ត្រូវគេបង្ហើបឡើងថា រថយន្តទាំង៦គ្រឿងខាងលើជាវត្ថុតាង បម្រើឱ្យសកម្មភាពបំផ្លិចបំផ្លាញធនធានព្រៃឈើនៅខេត្តមណ្ឌលគិរី។

ក្រោយពេលមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា បញ្ចេញកណ្តាប់ដៃដែក បញ្ជាផ្ទាល់ឱ្យចាប់ដុតចោលនៅនឹងកន្លែងរាល់វត្ថុតាងបម្រើឱ្យបទល្មើសព្រៃឈើរួមមានរថយន្ត ម៉ូតូ និងគោយន្តកែច្នៃផងនោះ រថយន្តទាំង៦គ្រឿងនេះ បានបើកគេចពីស្រុកកោះញែក មកលាក់ទុកនៅស្រុកសេសាន ទើបកម្លាំងកងរាជអាវុធហត្ថចុះស្រាវជ្រាវ រហូតរឹបអូមនៅមុខសាលាអនុវិទ្យាល័យស្រែស្រណុកចំនួន៤គ្រឿង និងនៅភូមិច្រប់ចំនួន២គ្រឿង ។ប្រភពដដែលនោះថា ខណៈកម្លាំងកងរាជអាវុធហត្ថរឹបអូសពុំមានបុគ្គលណាម្នាក់ចេញមុខអះអាងជារថយន្តរបស់ខ្លួនឡើយ ។

រថយន្តបាកុងកែច្នៃដឹកឈើ៩គ្រឿង ត្រូវបានរឹបអូសនិងដុតកម្ទេច ខេត្តក្រចេះ ៖ រថយន្តបាកុងយ៉ាងហោចណាស់៩គ្រឿង ដែលសុទ្ធសឹងជារថយន្តកែច្នៃសម្រាប់ដឹកឈើនៅក្នុងព្រៃ ត្រូវបានក្រុមមន្ត្រីអាវុធហេត្ថខេត្តស្រាវជ្រាវចាប់យកមកដុតកម្ទេចចោល នៅ២គោលដៅក្នុងស្រុកផ្សេងគ្នា ក្នុងប្រតិបត្តិការរុករករយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ កក្កដា ។

ទោះជាយ៉ាងណាប្រតិបត្តិការដុតកម្ទេចរថយន្តកែច្នៃ ដែលក្រុមមន្ត្រីអាវុធហត្ថ កំណត់ថា ជាពពួករថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនឈើនេះបានដុតកម្ទេច ដែលបានធ្វើឡើងនៅក្នុងព្រៃចំនួន២គោលដៅផ្សេងគ្នា គឺមិនមានសមាសភាពមន្ត្រីជំនាញមកពីស្ថាប័ន ផ្សេងណាមួយចូលរួម ក្រៅពីមានតែកម្លាំងកងរាជអាវុធហត្ថខេត្ត ។មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា គោលដៅទី១ ធ្វើឡើងនៅក្នុងឃុំគ្រញូងសែន ជ័យ ស្រុកស្នួល កាលពីថ្ងៃទី១២ កក្កដា ក្នុងនោះ មានរថយន្តបាកុង២គ្រឿង ត្រូវបានដុត កម្ទេច និងគោលដៅទី២ធ្វើឡើងនៅថ្ងៃទី១៣ កក្កដា នៅព្រៃក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ក្នុងនោះមានរថយន្តបាកុងចំនួន៧គ្រឿង ត្រូវបានដុតកម្ទេច ។មេបញ្ជាការរងអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ឡុង យឹង បានឲ្យដឹងថា រថយន្តបាកុងទាំង៩គ្រឿង ត្រូវបានក្រុមមន្ត្រីរបស់លោក រុករកឃើញនៅតាមព្រៃចម្ការដែលក្រុមអ្នកដឹកជញ្ជូនឈើបានយកមកលាក់ទុក ។

តែយ៉ាងណាការចុះស្រាវជ្រាវ ចាប់ពពួករថយន្តទាំងនេះ ក្រុមមន្ត្រីមិនបានចាប់ឃាត់ខ្លួនមនុស្សណាម្នាក់ដែលពាក់ព័ន្ឋនោះទេ តែករណីនេះ ក៏ត្រូវបាន លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្ត អះអាងប្រាប់ថា កម្លាំងអាវុធហត្ថនិងបន្តការស្រាវជ្រាវរកម្ចាស់រថយន្តទាំងនេះ ដើម្បីមានវិធានការ ។

លោកមេបញ្ជាការរងបានអះអាងប្រាប់ទៀតថា ករណីនេះកម្លាំងអាវុធហត្ថខេត្តកំពុង តែបន្តប្រតិបត្តការចុះស្រាវជ្រាវរុករកលើពពួករថយន្តទាំងនេះ នៅតាមព្រៃគោលដៅផ្សេងៗ ដើម្បីមានចំណាត់ការ ព្រោះមានតែរថយន្តបាកុងនេះទេ ដែលលើកឈើដឹកឈើម៉ាសេរី ទោះទម្ងន់ណាក៏ដោយ ។ សរុបការដុតបំផ្លាញអស់២១គ្រឿង គឺខេត្តរតនគិរី២គ្រឿង មណ្ឌលគិរី៤គ្រឿង ស្ទឹងត្រែង៦គ្រឿង ក្រចេះ៩គ្រឿង ៕

ដកស្រង់ពី៖កោះសន្តិភាព