Social Network

ខឹង​សុំ​រួមមេត្រី​ជាមួយ​អតីត​សង្សារ​មិន​បាន ទាញ​កាំបិត​វាយ​នាង​ស្ទើរ​ទក់​សាច់

ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យុវជនជាជនសង្ស័យម្នាក់ត្រូវនារីជាអតីតសង្សាប្ដឹងចោទប្រកាន់ថាបានប្រើហិង្សាមកលើនាង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៦ កក្កដា ខណ:ដែលជនសង្ស័យសម្ងំនៅក្នុងផ្ទះជួលរបស់មិត្តភក្ដិមួយកន្លែង ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង។លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យម្នាក់ខាងឈ្មោះឡាច ងួនយី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ជនសង្ស័យម្នាក់នេះត្រូវបាននារីម្នាក់ឈ្មោះល័ក្ខ ស្រីធំ អាយុ២៤ឆ្នាំ ដែលជាអតីសង្សាប្ដឹងចោទប្រកាន់ថា បានប្រើហិង្សាមកលើនាង បណ្ដាលឲ្យរងរបួសជាំពេញខ្លួន ដោយសារតែជនសង្ស័យខឹងនាងមិនព្រមរួមរស់ជាមួយគ្នាវិញ។

មិនតែប៉ុណ្ណោះ លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា ជនសង្ស័យម្នាក់នេះបាននាំនារីរងគ្រោះទៅបង្ខំឲ្យស្នាក់នៅជាមួយជនសង្ស័យនៅក្នុងបន្ទប់ជូលមិត្តភក្ដិរបស់ជនសង្ស័យអស់មួយរយៈទៀតផង មុនពេលនារីរងគ្រោះមកដាក់ពាក្យបណ្ដឹង។បើតាមប្រភពពីនារីរងគ្រោះដែលបានរាយការណ៏ប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ កក្កដា ជនសង្ស័យជាអតីតសង្សារម្នាក់នេះបាននាំនាងទៅស្នាក់នៅក្នុងបន្ទប់ជួលមិត្តភក្ដិរបស់ជនសង្ស័យនៅភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យជាអតីតសង្សារម្នាក់នេះបានមកបបូលនាងពីកន្លែងនាងធ្វើការងារ ដោយបង្ខំឲ្យនាងជិះម៉ូតូទៅជាមួយ ដើម្បីចរចាសុំរួមមេត្រីជាមួយគ្នាវិញ ក្រោយពីបានបែកបាក់គ្នាមួយរយ:កន្លងមក។

បន្ទាប់មកជនសង្ស័យម្នាក់នេះបានគំរាមកំហែងនាងយ៉ាងខ្លាំងនាពេលនោះ ហើយចុងក្រោយជនសង្ស័យបានឌុបនាងទៅទុកនៅក្នុងបន្ទប់ជួលខាងលើ រួចបានទាញកាំបិតប្រវែងកន្លះម៉ែត្រ មកវាយដំលើនាងបណ្ដាលឲ្យរងរបួសជាំពេញខ្លួន ដោយសារតែជនសង្ស័យខឹងនាងមិនព្រមរួមរស់ជាមួយវិញ តែនាងមិនអាចរត់ចេញពីបន្ទប់ជួលនោះបានឡើយ។ លុះនៅថ្ងៃទី១៦ កក្កដា ពេលនាងរត់ចេញពីបន្ទប់ជួលរួច ទើបនាងសម្រេចប្ដឹងទៅសមត្ថកិច្ចឲ្យចាត់វិធានការលើជនសង្ស័យជាអតីតសង្សាម្នាក់នេះតែម្ដងទៅ។

លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា បើស្ដាប់តាមការបំភ្លឺពីភាគីទាំង២ គឺពួកគេធ្លាប់ជាអតីតគួស្នេហ៍នឹងគ្នា តែក្រោយមកពួកគេក៏បានបែកបាក់គ្នា។

លោកបានបញ្ជាក់ថា ក្រោយពីពួកគេទាំង២នាក់បែកបាក់គ្នាអស់មួយរយ: ទំនងខាងប្រុសចង់ចរចាសុំនារីរងគ្រោះរួមរស់ជាមួយគ្នាវិញ តែដោយសារនាងមិនព្រម ទើបឈានដល់ការប្រើហិង្សាយ៉ាងកំរោលបែបនេះ។

ប៉ុន្តែលោកបានបញ្ជាក់ថា ក្រោយពីទទូលបណ្ដឹងនារីរងគ្រោះ លោកស្នងការខេត្តក៏បញ្ជាឲ្យកម្លាំងរបស់ចុះអន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យភ្លាមៗដែរដើម្បីនាំយកមកសួរនាំ។ ពេលនេះមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕

ដកស្រង់ពី៖កោះសន្តីភាព