Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លៀត​បាន​ទៀត​! ម្ចាស់​ទើប​ចុះ គាត់​ចូល​ភ្លែត តែ​ចប់​ត្រឹម GPS… ដេញ​តាម​ផ្អើល​អស់​៤​ខណ្ឌ

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ឆ្លៀតឱកាសលួចរថយន្ត RAV4 មួយគ្រឿងបានសម្រេច ខណៈម្ចាស់ចុះពីលើរថយន្តដោយមិនបានដកសោចេញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែងនៅជិតវិទ្យាល័យបាក់ទូក ស្ថិតតាមបណ្ដោយផ្លូវ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ក្រោយមកដោយរថយន្តមានជាប់ប្រព័ន្ធ GPS ក៏ត្រូវម្ចាស់រថយន្តរាយការណ៍ជូនសមត្ថកិច្ចនិងតាមស្វែងរក តែជនសង្ស័យដឹងខ្លួនក៏បើករថយន្តទៅប្លុងទុកចោលនៅក្នុងផ្ទះទុកចោលមួយកន្លែងជាប់ខាងក្រោមស្ពានអាកាស៥មករា ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ជនរងគ្រោះខាងលើមានឈ្មោះ ភឿន ចាន់ថា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តនៅក្រុមហ៊ុនឯងជន BV ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។បើតាមប្រភពពីបុរសរងគ្រោះរៀបរាប់ប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺគាត់បើករថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7017 ដែលជារថយន្តរបស់ថៅកែក្រុមហ៊ុន ដោយបានបើកដឹកឥវ៉ាន់ចេញមកពីក្រុមហ៊ុននៅម្តុំអូបែកក្អម បំណងយកឥវ៉ាន់ទៅដាក់ផ្ញើនៅក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែងដែលនៅត្រង់ចំណុចកើតហេតុខាងលើ ។ លុះមកដល់ បុរសជាអ្នកបើករថយន្តបានឈប់ចតដោយបានពន្លត់ម៉ាស៊ីន ប៉ុន្តែមិនបានដកសោរចេញពីរថយន្តទេ ព្រោះឃើញមានបុគ្គលិកនៅទីនោះច្រើន ។

ប្រភពដដែលបន្តថា បន្ទាប់មកបុរសអ្នកបើករថយន្តក៏លើកឥវ៉ាន់ដែលត្រូវផ្ញើទៅស្រុកក្រៅចេញក្នុងរថយន្តចូលទៅក្នុងក្រុមហ៊ុនដឹកជញ្ជូនដើម្បីធ្វើការផ្ញើ ប៉ុន្តែខណៈដែលដើរចូលទៅមិនទាន់នឹងផ្ញើផង ស្រាប់តែមានជនសង្ស័យឆ្លៀតឱកាសលួចឡើងបញ្ឆេះរថយន្តបើកចេញទៅបាត់ស្រមោល។

ភ្លាមៗនោះបុរសជាអ្នកបើកខាងលើក៏ស្រែកឆោឡោ និងរត់ដេញតាមរថយន្តដែលត្រូវជនសង្ស័យលួចបើកយកទៅ តែរត់តាមមិនទាន់។ បន្ទាប់មកបុរសជាអ្នកបើករថយន្ត ក៏ទាក់ទងប្រាប់ថៅកែដែលជាម្ចាស់រថយន្តឱ្យឆែកប្រព័ន្ធ GPS ដែលដាក់នៅលើរថយន្តខាងលើ និងបានទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ផងដែរ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីឆែកមើលប្រព័ន្ធ GPS ដែលនៅជាប់លើរថយន្តខាងលើ គឺជនសង្ស័យព្យាយាមបើករថយន្តរត់គេចខ្លួនពីមួយកន្លែងទៅមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ចេញស្វែងរករថយន្តខាងលើ។

រហូតដល់ម៉ោង៩និង១០នាទីយប់ថ្ងៃដដែល ដោយសមត្ថកិច្ច និងជនរងគ្រោះជិះតាមរករថយន្តតាមប្រព័ន្ធ GPS ក៏ស្រាប់តែប្រទះឃើញរថយន្តខាងលើ ត្រូវបានជនសង្ស័យលួចបើកយកមកប្លុងចោលនៅត្រង់ចំណុចផ្ទះទុកចោលមួយកន្លែង ដែលនៅជាប់ខាងក្រោមស្ពានអាកាស៥មករាតែម្តង ។

បើតាមប្រភពពីពលរដ្ឋរស់នៅក្បែរកន្លែងនោះបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ដែលស្លៀកសំលៀកបំពាក់ដូចជាអង្គរក្ស និងមានសៀតកាំភ្លើងខ្លីមួយដើម រួមទាំងវិទ្យុទាក់ទង (អាយឌី) មួយគ្រឿងផងដែរ បានបើករថយន្តខាងលើមកឈប់ចតនៅក្នុងផ្ទះទុកចោលនោះ រួចក៏ដើរចាកចេញទៅបាត់សម្រោលទៅ ដោយមិនបានចាប់អារម្មណ៍ថា មានរឿងអ្វីនោះទេ។ក្រោយពេលកើតហេតុ រថយន្តខាងលើ រួមទាំងអ្នកបើររថយន្តក៏ត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញាតាមចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងធ្វើការប្រគល់រថយន្តខាងលើទៅឲ្យជនរងគ្រោះយកត្រលប់ទៅវិញ៕

ដកស្រង់ពី៖កោះសន្តិភាព