Social Network

ពលរដ្ឋ​១​ភូមិ​ថា ឱ្យ​ពួក​គាត់​រស់​យ៉ាងម៉េច​ បើ​១​យប់​ៗ​ដេក​មិន​លក់ ភ័យ​ខ្លាច​បែប​នេះ

ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ បានអះអាងថា រយៈពេល១ខែមកនេះអ្នកភូមិរបស់គាត់ត្រូវក្រុមចោរលួចគាស់ផ្ទះយកម៉ូតូអស់៣គ្រឿងទៅហើយ ធ្វើឱ្យពួកគាត់ម្នាក់ៗភ័យខ្លាចបិទភ្នែកដេកមិនលក់ទេ។

ពួកគាត់និយាយថា ក្រុមចោរដដែលៗមានគ្នាតែ២-៣នាក់ប៉ុណ្ណោះដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅដើមខែកក្កដា ពួកវាធ្វើសកម្មភាពគាស់ផ្ទះជាងបុកអណ្តូង លួចយកម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ អស់១គ្រឿងនៅពាក់កណ្តាលខែកក្កដា វាលួចនៅផ្ទះជិតគ្នានោះយកអស់១គ្រឿងទៀត ម៉ូតូហុងដាដូចគ្នាស៊េរីឆ្នាំ២០១៤ ហើយនៅម៉ោង២យប់ថ្ងៃទី២៧ កក្កដា ថ្មីៗនេះ វាលួចនៅផ្ទះអ្នកចិញ្ចឹមជ្រូកយកម៉ូតូហុងដាស៊េរី២០១៥មួយគ្រឿងទៀត និងចូលអូសយកម៉ូតូស្កុបពី១គ្រឿងទៀត តែត្រូវម្ចាស់ម៉ូតូភ្ញាក់ទាន់ស្រែកចោរឡើង ទើបក្រុមចោរស្ទុះរត់ចេញ ដោយយកតែម៉ូតូហុងដាដែលលួចបានទៅជាមួយផងដែរ។

ជនរងគ្រោះដែលត្រូវក្រុមចោរលួចយកម៉ូតូបាត់បានប្រាប់ថា ក្រោយពីស្រែកឆោឡោផង ដេញចោរផងតែមិនទាន់ គាត់បានរត់ទៅប្តឹងប៉ូលីសប៉ូស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ខ)ភ្លាម ដើម្បីឱ្យជួយអន្តរាគមន៍តាមចាប់ចោរ តែលោកប៉ូលិសប្រាប់ថា ផុតម៉ោងរដ្ឋបាលហើយ ឱ្យទៅប្តឹងវិទ្យុ ABC វិញទៅធ្វើឱ្យគាត់គាំងនិយាយលែងចេញព្រោះហួសចិត្តពេក។

ប្រជាពលរដ្ឋនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ បានឱ្យដឹងថា ក្រោយពីក្រុមចោរលួចយកម៉ូតូពួកគាត់ទៅបាត់អស់ រហូតដល់ព្រឹកឡើងទើបឃើញសមត្ថកិច្ច និងអាវុធហត្ថចុះមកសួរនាំធ្វើកំណត់ហេតុនៅផ្ទះរបស់គាត់ ហើយរហូតមកដល់ពេលនេះនៅចាប់ចោរមិនទាន់បានទេ ផ្ទុយទៅវិញក្រុមចោរនៅតែធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋម្តងហើយម្តងទៀតដដែលៗយកអស់ម៉ូតូ៣គ្រឿងហើយ ដូច្នេះហើយទើបប្រជាពលរដ្ឋទាំងនោះនាំគ្នាសំណូមពរយ៉ាងទទូចសុំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចគ្រប់ស្ថាប័នមេត្តាជួយពួកគាត់ផង ហើយឱ្យពួកគាត់រស់នៅយ៉ាងម៉េចសុខ បើ១យប់ៗដេកមិនលក់ ភ័យខ្លាចតែចោរចូលផ្ទះបែបនេះ….។

ដកស្រង់ពី៖កោះសន្តិភាព