Social Network

រាល់ដងមិនអី លើកនេះ​ប្រគេនចង្ហាន់រួច ចុះមកវិញ ផ្អើលឆោឡោ​ពេញវត្ត​

ខេត្តព្រៃវែង ៖ មានករណីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងយកទៅបាត់ដោយសុវត្ថិភាព ខណៈម្ចាស់ចតទុកនៅមុខសាលាឆាន់ ហើយយកចង្ហាន់ឡើងទៅប្រគេនព្រះសង្ឃនោះ ។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៣១ កក្កដា ក្នុងបរិវេណវត្តអ្នកលឿងក្រោម ស្ថិតក្នុងភូមិព្រែកតាសរ ឃុំអ្នកលឿងក្រោម ស្រុកពាមរក៌ ខេត្តព្រៃវែង ម៉ូតូមួយគ្រឿងដែលត្រូវក្រុមជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១E-៦៨៣០ ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ញ៉េប នាង ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកធំ ឃុំអ្នកលឿងស្រុកពាមរក៌ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុនោះគឺជាថ្ងៃសីល ដែលជាធម្មតាទាំងគាត់ និងចាស់ៗឯទៀតក្នុងភូមិតែងតែនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃមិនដែលខាននោះទេ។

តាមប្រភពដដែលនេះបានបន្តថា មុនពេលកើតហេតុនោះ គាត់បានជិះម៉ូតូមួយគ្រឿងខាងលើយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចសព្វមួយដង ពេលទៅដល់ក្នុងវត្ត គាត់បានចតម៉ូតូទុកនៅមុខសាលាឆាន់ ហើយយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅលើសាលាឆាន់ និងជួបជជែកធម៌អាថ៌ជាមួយយាយជីតាជី លុះមួយសន្ទុះធំក៏ចុះមកក្រោមវិញក្នុងបំណងត្រឡប់ទៅផ្ទះ តែពេលចុះមកវិញ ស្រាប់តែបាត់មិនឃើញម៉ូតូ លុះពេលគាត់សួរគេសួរឯងគ្មានអ្នកណាបានឃើញឡើយ ទើបគាត់ដឹងថាត្រូវជនសង្ស័យលួចម៉ូតូយកទៅបាត់ ក៏បង្កឱ្យមានការផ្អើលឆោឡោឡើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែបានត្រឹមតែសួរនាំនិងធ្វើកំណត់ហេតុប៉ុណ្ណោះ ព្រោះម៉ូតូត្រូវជនសង្ស័យលួចយកទៅបាត់ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព